សិទ្ធកុមារ

“សិទ្ធិ” ជាអ្វីៗដែលកុមារគួរមាន ឬមានលទ្ធភាពអាចបាន។ កុមារទាំងអស់មានសិទ្ធិដូចៗគ្នា។ ហើយសិទ្ធិគ្រប់យ៉ាងរបស់កុមារត្រូវបានចុះក្នុងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ។ គ្រប់ភាគី(ប្រទេស)ទាំងអស់សុទ្ធតែបានយល់ស្របទៅនឹងសិទ្ធិទាំងនេះ។

សិទ្ធិទាំងអស់របស់កុមារគឺជាប់ពាក់ព័ន្ធគ្នាទៅវិញទៅមក ហើយសិទ្ធិទាំងអស់ក៏សុទ្ធតែមានសារៈសំខាន់ដូចៗគ្នា។ អង្គការយូនីសេហ្វ 
(UNICEF) បានបង្កើតនូវឯកសារដ៏សាមញ្ញនិងងាយស្រួលអានមួយនេះឡើងក្នុងន័យពន្យល់ឲ្យបានក្បោះក្បាយពីសិទ្ធិទាំង៥៤ របស់កុមារ។ ដោយឡែកពេលនេះយើងចង់លើកឡើងត្រឹមតែ៤ចំនុចដែលសំខាន់បំផុតតែប៉ុណ្ណោះដែលទាក់ទងទៅនឹងសិទ្ធិកុមារ៖

  1. ប្អូនមានសិទ្ធិទទួលបាននូវកិច្ចការពារពីការធ្វើទុក្ខទោសនានា ដូច្នេះប្អូនអាចរីកធំធាត់បាននិងពោរពេញដោយសក្តានុពល (ដូចដែលមានចែងក្នុងមាត្រា ៤ ៥ ១១ ១៩ ៣២ និង៣៦)
  2. ប្អូនមានសិទ្ធិចូលរួម មានន័យថាប្អូនមានសិទ្ធិបញ្ចេញមតិយោបល់ ឬបង្ហាញពីកង្វល់ដែលប្អូនមានហើយត្រូវបានស្តាប់ដោយមនុស្សពេញវ័យ (ដូចដែលមានចែងក្នុងមាត្រា ១២ និង១៣)
  3. ប្អូនមានសិទ្ធិក្នុងការទទួលនូវការទំនុកបំរុង មានន័យថាប្អូនត្រូវតែទទួលបាននូវការថែទាំសុខភាព ទទួលបានទឹក និងអាហារដែលប្រកបដោយអនាម័យសំរាប់ទទួលទាន ទទួលបាននូវបរិយាកាសដែលបរិសុទ្ធសំរាប់រស់នៅ និងទទួលបាននូវពត៌មានដែលអាចជួយឲ្យប្អូនអាច រស់នៅបានសមរម្យ។ (ដូចដែលមានចែងក្នុងមាត្រា ២៤)
  4.  ប្អូនមានសិទ្ធិទទួលបាននូវការអប់រំប្រកបដោយគុណភាព (ដូចដែលមានចែងក្នុងមាត្រា 

២៨ និង២៩)

ពេលដែលប្អូនកាន់តែធំឡើង ប្អូននឹងមានការទទួលខុសត្រូវកាន់តែច្រើនក្នុងការសំរេចចិត្តនិង
អនុវត្តសិទ្ធិរបស់ប្អូន។

ប្រសិនបើប្អូន ឬអ្នកដែលប្អូនស្គាល់ត្រូវបានរំលោភបំពានទៅលើសិទ្ធិរបស់គេ វាមានសារៈសំខាន់ណាស់ដែលប្អូនត្រូវតែប្រាប់នរណាម្នាក់ឲ្យដឹងពីរឿងនេះ។

ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ 
ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។