អំពីបណ្ដាញទូរស័ព្ទជំនួយកុមារ

ពត៌មាននេះនឹងជួយឲ្យយុវវ័យបានយល់ដឹងបន្ថែមទៀតអំពីបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា

បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាមានប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងនៅរាជធានីភ្នំពេញ។ យើងបានចុះឈ្មោះជាអង្គការមិនមែនរដ្ឋាភិបាលដោយក្រសួងមហាផ្ទៃ ដែលមានលេខ ៩៥១សជណ។ លោកអ្នកអាចធ្វើការទាក់ទងមកផ្នែករដ្ឋបាលរបស់យើងខ្ញុំបានតាមរយៈលេខទូរស័ព្ទ (៨៥៥) ២៣ ២២៤ ៨៤១។

ចក្ខុវិស័យរបស់យើង

កុមារ និងមនុស្សវ័យក្មេងទទួលបានកិច្ចការពារពីអំពើហិង្សា អំពើរំលោភបំពាន និងអំពើកេងប្រវ័ញ្ចគ្រប់រូបភាព ហើយទទួលបានសិទ្ធិអំណាចដើម្បីអនុវត្តសិទ្ធ និងសក្តានុពលរបស់ខ្លួន។

បេសកកម្មរបស់យើង

បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា គាំទ្រកុមារ និងមនុស្សវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យពួកគាត់អាចរស់នៅរួចចាកផុតពីអំពើហិង្សា អំពើរំលោភបំពាន និងអំពើកេងប្រវ័ញ្ចគ្រប់រូបភាពតាមរយៈកម្មវិធីទប់ស្កាត់បឋម ពិគ្រោះយោបល់ដែលមានវិជ្ជាជីវៈច្បាស់លាស់ ការបញ្ជូនបន្ត និងសេវាតាមដាន។

តើយើងធ្វើកិច្ចការអ្វីខ្លះ

បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ផ្តល់ជូននូវការពិគ្រោះយោបល់តាមទូរស័ព្ទដោយឥតគិតថ្លៃ២៤ម៉ោង សេវាផ្តល់ពត៌មាន សេវាបញ្ជូនបន្តនិងតាមដានសំរាប់កុមារនិងយុវវ័យរហូតដល់អាយុ ២៥ឆ្នាំនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ យើងអនុញ្ញាតិឲ្យកុមារនិងយុវវ័យទូរស័ព្ទចូលមកនៅពេលដែលពួកគេត្រូវការ ឬនៅពេលដ៏ជាក់លាក់ណាមួយដើម្បីឲ្យពួកគេបាននិយាយជាមួយអ្នកណាម្នាក់ក្នុងស្ថានភាពសុវត្ថិភាពនិងអាចលាក់ការសម្ងាត់បានតាមរយៈទូរស័ព្ទជំនួយលេខ ១២៨០ ក៏ដូចជាគេហទំព័រ និងតាមរយៈការផ្ញើសារជាអក្សរមកលេខ ១២៨០។

យើងចាត់ទុកការទាក់ទងជាមួយកុមារនិងយុវវ័យជាការសំខាន់ និងអាស្រ័យលើតំរូវការរបស់ពួកគេ អ្នកពិគ្រោះយោបល់របស់យើងនឹងផ្តល់ទាំងការគាំទ្រផ្លូវចិត្ត និងពត៌មានដើម្បីអនុញ្ញាតិឲ្យអតិថិជនធ្វើការសំរេចចិត្តដោយខ្លួនគេផ្ទាល់ ឬបញ្ជួនអតិថិជនទៅអង្គការដៃគូដែលសមរម្យដើម្បីទទួលបានសេវាដោយផ្ទាល់ដូចជាអាហារ ជំរក ថ្នាំពេទ្យ ឬការណែនាំផ្លូវច្បាប់។ ប្អូនអាចអានពត៌មានលំអិតពីដំណើរការនៃការបញ្ជួនបន្ត និងដៃគូនៅទីនេះ។

តើយើងធ្វើការនៅទីណា?

ការិយាល័យកណ្តាលរបស់យើងស្ថិតនៅទីក្រុងភ្នំពេញប៉ុន្តែសេវាទូរស័ព្ទជំនួយគឺគ្រប់ដណ្តប់ទូទាំងប្រទេស។

ផលប៉ះពាល់របស់យើង

បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ទទួលបានការហៅចូលចន្លោះពី ១០០០០ ទៅ ១២០០០ ក្នុងមួយខែៗ។ ការទូរស័ព្ទចូលមួយចំនួនត្រូវការការពិគ្រោះយោបល់ ខ្លះត្រូវការការផ្តល់ពត៌មាន និងខ្លះ ទៀតត្រូវការការបញ្ជូនបន្តនិងតាមដាន។ ហើយមួយចំនួនតូចនោះគឺយើងហៅថាជាការទូរស័ព្ទសាកល្បង 

ការទូរស័ព្ទសាកល្បង

មួយភាគរយនៃការហៅចូលមកបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា  គឺស្ងាត់មិននិយាយ ហៅចូលសាកល្បង ឬទូរស័ព្ទចូលហើយចុចបិទវិញ។ ការស្ងាត់មិននិយាយប្រហែលជាយុវវ័យកំពុងតែព្យាយាមបញ្ចេញសេចក្តីក្លាហានដើម្បីនិយាយ។ ការចុចបិទទូរស័ព្ទប្រហែលជាកុមារកំពុងព្យាយាមចង់និយាយប៉ុន្តែគេមិនទាន់ត្រៀមខ្លួនបានរួចរាល់។ ចំណែកឯការសាកល្បងទូរស័ព្ទប្រហែលជាយុវវ័យកំពុងគិតថាមិនដឹងអាចទុកចិត្តយើងបានឬអត់។ យើងចាត់ទុកការទូរស័ព្ទចូលទាំងអស់គឺមានសារៈសំខាន់ដូចៗគ្នាមិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ ដូចនេះហើយទើបយើងចង់បង្ហាញថាយើង មានពេលវេលាគ្រប់គ្រាន់សម្រាប់កុមារ និងយុវវ័យដែលត្រូវការយើង យើងមានពេលវេលាសម្រាប់កុមារនិងយុវវ័យដែលមានអារម្មណ៍ថាពួកគេបានត្រៀមខ្លួនរួចរាល់ក្នុងការនិយាយ ហើយយើងនឹងចាត់វិធានការដើម្បីការពារកុមារនិងយុវវ័យនៅពេលដែលមានការចាំបាច់។

ការប្តេជ្ញាចិត្តក្នុងកិច្ចការពារកុមារ

កិច្ចការពារ និងការផ្តល់អំណាចដល់កុមារនិងយុវវ័យគឺស្ថិតនៅក្នុងក្រអៅបេះដូងនិងទឹកចិត្តរបស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ។ យើងជឿថាកុមារនិងយុវវ័យមានសិទ្ធិទទួលបានកិច្ចការពារពីការររំលោភបំពាន ដោយមិនថាពូជសាសន៍ ជាតិពន្ធុ អាយុ ភេទ ពណ៌សម្បុរ ពិការភាព ជំនឿឬសាសនាអ្វីនោះឡើយ។ យើងបានធ្វើការចំពោះកិច្ចការពារ ការផ្តល់អំណាចដល់កុមារនិងយុវវ័យ និងសិទ្ធិរបស់ពួកគេ ហើយយើងជឿជាក់ថាការកេងប្រវ័ញ្ចនិងការរំលោភបំពានលើកុមារទោះបីជារូបភាពបែបណាក៏ជាការធ្វើខុសដែរ។ នៅពេលដែលដឹងថាកុមារត្រូវបានរំលោភបំពាននិងជួញដូរហើយយើងត្រូវតែរួមគ្នាចាត់វិធានការ។

គ្រប់បុគ្គលិក សមាជិកគណៈគ្រប់គ្រង អ្នកពិគ្រោះយោបល់តាមទូរស័ព្ទស្ម័គ្រចិត្តទាំងអស់ត្រូវតែអាននិងចុះហត្ថលេខាលើ គោលការណ៍នៃកិច្ចការពារកុមារ ហើយការមិនប្រតិបត្តិតាមនិងត្រូវបានបញ្ឈប់ភ្លាមៗ។ អ្នកពិគ្រោះយោបល់តាមទូរស័ព្ទទាំងពេញម៉ោងនិងក្រៅម៉ោងទាំងអស់សុទ្ធតែត្រូវបានពិនិត្យលើលិខិតថ្កោលទោសដោយប៉ូលីស។ យើងធ្វើការវាយតំលៃអង្គការដែលជាដៃគូបញ្ជូនបន្តយ៉ាងយកចិត្តទុកដាក់បំផុតមុនពេលដែលយើងយល់ព្រមទទួលយកភាពជាដៃគូ ហើយយើងនឹងពិនិត្យករណីនីមួយៗយ៉ាងដិតដល់។ យើងនឹងទទួលយកគ្រប់ប្រតិកម្មតប(ការព្រួយបារម្ភ)ទាំងអស់ពីអតិថិជនចំពោះអង្គការដែលជាដៃគូបញ្ជូនបន្តនឹងត្រូវបានចាត់វិធានការយ៉ាងហ្មត់ចត់។ អ្នកដែលត្រូវបានអនុញ្ញាតិឲ្យមកទស្សនានៅការិយល័យរដ្ឋបាលរបស់យើង ជាទូទៅក៏ស្ថិតនៅក្រោមការ ឃ្លាមើលដោយបុគ្គលិកដែលមានតួនាទីផងដែរ ហើយគេរិតតែមិនអាចមានសិទ្ធិទាក់ទងដោយផ្ទាល់ទៅអតិថិជននិងមិនអាចប៉ះពាល់ប្រព័ន្ធគ្រប់គ្រងករណីរបស់យើងទេ។ បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា គឺប្តេជ្ញាចំពោះការលើកកម្ពស់ច្បាប់នៅកម្ពុជា។ យើងនឹងមិនទទួលយកបុគ្គលិកដែលមានអាយុក្រោម១៨ឆ្នាំមកធ្វើការឡើយ ហើយយើងក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការគាំទ្រនូវ ច្បាប់ស្តីពីការទប់ស្កាត់ អំពើជួញដូរមនុស្ស និង អំពើកេងប្រវ័ញ្ចផ្លូវភេទជាដើម។ ជាពិសេសទៅទៀតនោះយើងមិនធ្វើការផ្សព្វផ្សាយជាសាធារណៈជាដាច់ខាតអំពីពត៌មានសម្ងាត់ អត្តសញ្ញាណ ឬទីតាំងរបស់កុមារដែលរងគ្រោះ (មាត្រា៤៩)។ យើងក៏ប្តេជ្ញាចំពោះការលើកកំពស់ច្បាប់ជាតិនិងអន្តរជាតិស្តីពីសិទ្ធិនិង សុខុមាលភាពកុមារ។ ទាំងនេះរួមមានទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ហើយក៏ត្រូវបានរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់នៅឆ្នាំ១៩៩២ ហើយរួមទាំងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាដែលជាប់ពាក់ព័ន្ធទៅនឹងកុមារនិងយុវវ័យនៅក្នុងតំបន់ដែលងាយរងគ្រោះក្នុងការរំលោភបំពាននិងការកេងប្រវ័ញ្ច។

ការប្តេជ្ញាចំពោះការផ្តល់សិទ្ធិអំណាចដល់កុមារ

បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ជឿថាកុមារនិងយុវវ័យមានសិទ្ធិនិយាយនិងស្តាប់។ អ្នកទូរស័ព្ទចូលអាចប្រាប់ពីអ្វីដែលគេចង់ប្រាប់ ហើយយើងលើកទឹកចិត្តដល់ពួកគេក្នុងការ សន្ទនា។ យើងផ្តល់ឲ្យអតិថិជនរបស់យើងនូវពត៌មាន ជំរើស និងទំនាក់ទំនងដោយចំហរ ធ្វើដូច្នេះពួកគេអាចធ្វើការសំរេចចិត្តដោយខ្លួនឯងបាន។យើងស្វាគមន៍ចំពោះគ្រប់ប្រតិកម្មតបទាំងអស់របស់អតិថិជនចំពោះសេវា ឬការតវ៉ានានាតាមរយៈការទូរស័ព្ទមកលេខ១២៨០។ សូមផ្ញើប្រតិកម្មតបនៅទីនេះ នៅលើគេហទំព័រ ឬផ្ញើសារជាអក្សរទៅកាន់លេខ ១២៨០។

កុមារនិងយុវវ័យក៏ត្រូវបានរាប់បញ្ចូលជាដៃគូរបស់យើងក្នុងការស្រាវជ្រាវ ក្នុងការធ្វើរបាយការណ៍ដែលពាក់ព័ន្ធ និងក្នុងការវាយតម្លៃផ្សេងៗ។ យើងក៏មានគំរោងក្នុងការបង្កើតក្រុមតំណាងយុវជនដើម្បីជួយយើងក្នុងការផ្សព្វផ្សាយតាមរយៈមិត្តភក្តិបន្តគ្នា និងជួយយើងក្នុងការសំរេចចិត្តផ្ទៃក្នុងនានា ក៏ដូចជាបង្កើតការដឹកនាំ និងជំនាញក្នុងការធ្វើបទបង្ហាញជាមួយអ្នកចូលរួមជាដើម។

អ្វីដែលធ្វើឲ្យយើងមានលក្ខណៈខុសប្លែកពីកម្មវិធីនានាដែលផ្តល់សេវាផ្ទាល់

បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា គឺបំរើសេវា២៤ម៉ោង ជាមិត្តជិតស្និទ្ធជាមួយកុមារ ធ្វើការគាំទ្រផ្លូវចិត្តរយៈពេលវែងនិងលាក់ការសម្ងាត់ ការផ្តល់ពត៌មាន សេវាបញ្ជូនបន្តនិងតាមដានបើកចំហរចំពោះកុមារនិងយុវវ័យដែលទទួលការឈឺចាប់ពីគ្រប់បញ្ហាទាំងអស់។ យើងអាចជួយកុមារនិងយុវវ័យជាច្រើន ក៏ព្រោះយើងបំរើសេវាដោយឥតគិតថ្លៃនិងមាននៅគ្រប់ទីកន្លែងទូទាំងប្រទេសដោយគ្រាន់តែពួកគេប្រើប្រាស់ទូរស័ព្ទ។ សេវាពិគ្រោះយោបល់តាមទូរស័ព្ទក៏នឹងផ្តល់ជូនអតិថិជននូវអនាមិកភាពផងដែរ។ យើងអាចភ្ជាប់កុមារនិងយុវវ័យទៅកម្មវិធីដែលផ្តល់សេវាផ្ទាល់តាមតំរូវការនិងអាចបន្តផ្តល់ការគាំទ្រផ្លូវចិត្តបន្ថែម។

ប្រព័ន្ធពិគ្រោះយោបល់តាមទូរស័ព្ទរបស់យើង ត្រូវបានកោតសរសើរដោយកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាននិងដៃគូបញ្ជូនបន្ត ជាមួយនិងកកម្មវិធីនានាដែលផ្តល់សេវាផ្ទាល់ដែលធ្វើឲ្យបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា រិត តែទទួលបានភាពជាគំរូ ប្រសិទ្ធភាព និង និរន្តភាព។

អ្វីដែលធ្វើឲ្យយើងមានលក្ខណៈខុសប្លែកពីបណ្តាញទូរស័ព្ទបន្ទាន់

មានបណ្តាញទូរស័ព្ទបន្ទាន់ជាច្រើននៅកម្ពុជាដែលស្ថិតនៅក្នុងស្ថានភាពផ្សេងៗគ្នាទៅតាម កាលទេសៈនិងបច្ចេកទេសរៀងៗខ្លួន(ដូចជាការណែនាំផ្នែកពេទ្យ ឬផ្នែកច្បាប់) ហើយពួកគេនឹងចាត់វិធានការ អន្តរាគមន៍ភ្លាមៗក្នុងសហគមន៍។ ជួនកាលសេវាទូរស័ព្ទបន្ទាន់ក៏ត្រូវបានគិតថ្លៃផងដែរ។

បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា គឺខុសពីប្រព័ន្ធផ្សេងៗដោយទទួលការហៅចូលដោយមិនគិតថ្លៃ រួសរាយជាមួយកុមារ ហើយកិច្ចការដំបូងបង្អស់នោះគឺសេវាគាំទ្រផ្លូវចិត្តរយៈពេលវែងសំរាប់កុមារ។ យើងមានបុគ្គលិកដែលបានទទួលនូវការបណ្តុះបណ្តាលយ៉ាងពិសេសក្នុងការនិយាយជាមួយកុមារនិងយុវវ័យតាមទូរស័ព្ទ យើងថែមទាំងមានប្រព័ន្ធគ្រប់គ្រងករណី(បញ្ហា)យ៉ាងទូលំទូលាយ ជាមួយនិងប្រព័ន្ធគ្រប់គ្រងករណី។ យើងនឹងផ្តល់អំណាចក្នុងការសំរេចចិត្តដល់អតិថិជនរបស់យើងដោយផ្តល់ឲ្យពួកគេនូវពត៌មានដែលជួយធ្វើឲ្យពួកគេអាចកំណត់ពីបញ្ហានិងឆ្លុះបញ្ចាំងពីជំរើសផ្សេងៗសំរាប់ខ្លួនពួកគេផ្ទាល់។ យើងនឹងធ្វើអន្តរាគមន៍ ឬបំបែក ការសម្ងាត់នៅពេលណាដែលអតិថិជនរបស់យើងស្នើសុំដោយស្ថិតក្រោមឈ្មោះរបស់គេ នៅពេលដែលមានអាសន្នបន្ទាន់ នៅពេលដែលជីវិតរបស់នរណាម្នាក់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ឬនៅពេលដែលយើងជឿថាសកម្មភាពនោះផ្ទុយនឹងច្បាប់ ប៉ុន្តែយើងនៅតែនិយាយជាមួយអតិថិជនយើងជាមុនដែរ។ យើងធ្វើការជាមួយបណ្តាញទូរស័ព្ទបន្ទាន់ដើម្បីជួយពន្យល់ពីភាពខុសគ្នាចំពោះសេវានិងតួនាទីរបស់យើងចំពោះសហគមន៍។

អ្នកដែលទទួលបានអត្ថប្រយោជន៍ពីយើង

បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាបើកបំរើសេវាជូនកុមារនិងយុវវ័យរហូតដល់អាយុ២៥ឆ្នាំ។ យើងរាប់បញ្ចូលយុវវ័យដែលមានអាយុ១៨ទៅ២៥ឆ្នាំ ដែលវ័យនេះបានបង្ហាញឲ្យឃើញថាងាយប្រឈមនឹងបញ្ហាដូចគ្នាទៅនឹងកុមារដែរ ប៉ុន្តែពួកគេតែងតែមិនត្រូវបានយកចិត្តទុកដាក់ពីសេវាផ្សេងៗឡើយ។ ហើយចំពោះការទូរស័ព្ទចូលភាគច្រើនពីកុមារដែលមានអាយុពី៦ទៅ ១៧ឆ្នាំ។ ចំពោះមនុស្សពេញវ័យក៏អាចទូរស័ព្ទមកយើងផងដែរប្រសិនបើពួកគាត់មានការបារម្ភពីកុមារឬយុវវ័យ។

អ្នកពិគ្រោះយោបល់របស់យើង

អ្នកពិគ្រោះយោបល់របស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ជាអ្នកដែលបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យក្នុងផ្នែកចិត្តវិទ្យា សង្គមវិទ្យា មនុស្សសាស្ត្រ ឬ ផ្នែកច្បាប់ ឬជាអ្នកដែលធ្លាប់មានបទពិសោធន៍ទាក់ទងទៅនឹងផ្នែកទាំងអស់នេះ។ អ្នកពិគ្រោះយោបល់របស់យើងទាំងអស់សុទ្ធតែត្រូវបានឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេលបីខែជាមួយនឹងប្រធានបទដូចជាការពិគ្រោះយោបល់តាមទូរស័ព្ទ កិច្ចការពារនិងសិទ្ធិកុមារ ច្បាប់មួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជា សំណួរដែលធ្លាប់បានសួរជាញឹកញាប់  ឆ្លើយតបទៅនឹងការហៅទូរស័ព្ទដែលមានបញ្ហាប្រឈមខ្លាំង និងការថែទាំខ្លួន។ អ្នកពិគ្រោះយោបល់តាមទូរស័ព្ទទាំងអស់សុទ្ធតែត្រូវពិនិត្យលើលិខិតថ្កោលទោសដោយប៉ូលីស និងប្រតិបត្តិតាមគោលការណ៍នៃកិច្ចការពារកុមារមុនពេលដែលចាប់ផ្តើមធ្វើការជាមួយយើង។  យើងនិងបញ្ឈប់ការងារភ្លាមៗចំពោះអ្នកពិគ្រោះយោបល់ណា ដែលមិនគោរពនិងអនុវត្តតាមគោលនយោបាយកិច្ចការពារកុមារ ។

គ្រប់ការទូរស័ព្ទចូលបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ទាំងអស់ត្រូវចាត់ទុកជាអតិថិជន។ ដោយហេតុនេះអ្នកពិគ្រោះយោបល់ទាំងអស់នឹងមិនធ្វើការ

ចែករំលែកនូវពត៌មានផ្ទាល់ខ្លួនទៅអតិថិជនឡើយ។ អ្នកពិគ្រោះយោបល់ទាំងអស់ក៏ត្រូវបានហាមប្រាមជាដាច់ខាតក្នុងការជួបដោយផ្ទាល់ជាមួយអតិថិជន។ ប្រសិនបើអ្នកពិគ្រោះយោបល់មានរៀបចំគំរោងក្នុងការជួបដោយផ្ទាល់ជាមួយអតិថិជនដោយផ្ទាល់នោះពួកគេនឹងត្រូវបានបញ្ឈប់ភ្លាមៗ។

យើងបានធ្វើការយ៉ាងសកម្មក្នុងការជួយគាំទ្រដល់អ្នកពិគ្រោះយោបល់ទាំងអស់ដើម្បីឲ្យប្រាកដថាពួកគាត់មិនទទួលរងនូវការប៉ះពាល់ឬការឈឺចាប់ណាមួយពីការងាររបស់ពួកគាត់។ ការណែនាំក្នុងការថែទាំខ្លួននិងការជួបជាមួយប្រធានក្រុមក៏ត្រូវបានធ្វើឡើងជាប្រចាំ ហើយនាយកប្រតិបត្តិ អ្នកសម្របសម្រួលនិងប្រធានក្រុមអ្នកពិគ្រោះយោបល់ក៏តែងតែផ្តល់នូវការណែនាំនិងជួយគាំទ្រពួកគាត់ផងដែរ។

អ្នកពិគ្រោះយោបល់របស់យើងធ្វើការត្រឹមតែ៥ម៉ោងប៉ុណ្ណោះក្នុង៨ម៉ោងដោយធ្វើការឆ្លាស់វេនគ្នា ចំណែកពេលវេលាដែលនៅសល់ពួកគាត់នឹងចំណាយក្នុងការគ្រប់គ្រងករណី ការរៀបចំឯកសារ ការចូលរួមប្រជុំផ្ទៃក្នុង ការបណ្តុះបណ្តាលនិងពេលវេលាសំរាក។ ពួកគាត់ធ្វើការពេលព្រឹក ពេលរសៀល និងពេលយប់ដោយទទួលបាននូវបៀរវត្សរ៍សមរម្យស្របទៅតាមច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។

ប្អូនៗអាចអាននូវពត៌មានបន្ថែមពីការពិគ្រោះយោបល់តាមទូរស័ព្ទនៅទីនេះ

ក្រុមការងាររបស់យើង

បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា មានបុគ្គលិកប្រកបដោយវិជ្ជាជីវៈ២១នាក់ អ្នករាល់គ្នាសុទ្ធតែប្តេជ្ញាថែរក្សានិងការពារកុមារនិងយុវវ័យពីការរំលោភបំពាន ការកេងប្រវ័ញ្ច និងអំពើហិង្សា។ បុគ្គលិករបស់យើងរួមមាននាយកប្រតិបត្តិម្នាក់ អ្នកសម្របសម្រួលពិគ្រោះយោបល់ម្នាក់ ប្រធានក្រុមពិគ្រោះយោបល់ម្នាក់ អ្នកពិគ្រោះយោបល់៩នាក់ អ្នកពិគ្រោះយោបល់ធ្វើការក្រៅម៉ោង២នាក់  មន្ត្រីគ្រប់គ្រងប្រព័ន្ធទូរស័ព្ទ និងពត៌មានវិទ្យាម្នាក់ មន្ត្រីផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុម្នាក់ អ្នកជំនួយការផ្នែកទីផ្សារនិងទំនាក់ទំនងម្នាក់ អ្នកថែទាំ​និងសម្អាតការិយាល័យម្នាក់ អ្នកយាមពេលយប់ម្នាក់ និងអ្នកយាមចុងសប្តាហ៍ម្នាក់។

ក្រុមប្រឹក្សាភិបាលរបស់យើង

ក្រុមប្រឹក្សាភិបាលរបស់យើងដែលមានវិជ្ជាជីវៈរៀងៗខ្លួនចំនួន៩នាក់ ដែលជាអ្នកតំណាងមកពីរាជរដ្ឋាភិបាលផងនិងផ្នែកសង្គមស៊ីវិលផង។ សមាជិក ក្រុមប្រឹក្សាភិបាលរបស់យើងទាំងអស់សុទ្ធតែតាំងចិត្តក្នុងការជួយមើលការខុសត្រូវការប្រតិបត្តិការរបស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា និងស្ម័គ្រចិត្តចំណាយពេលវេលាព្រមទាំងជំនាញផ្ទាល់ខ្លួនក្នុងការជួយអភិវឌ្ឍន៍បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា។   ក្រុមប្រឹក្សាភិបាលនឹងជួបប្រជុំគ្នាជារៀងរាល់៣ខែម្តងដោយស្ថិតក្រោមប្រធានបទជាក់លាក់ដែលបានកំនត់ទុក។

ដៃគូបញ្ជូនបន្តរបស់យើង

ដៃគូបញ្ជួនបន្តជាផ្លូវការរបស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា គឺបានមកពីក្រុមអង្គការមួយចំនួនដែលជាអ្នកផ្តល់សេវា រួមមានដូចជាជំនាញខាងអំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស កិច្ចការពារកុមារ សុខភាពផ្លូវភេទនិងការពន្យាកំណើត ការធ្វើអត្តឃាត ការប្តឹងផ្តល់ ភាពប្រឈមចំពោះផ្លូវភេទបញ្ហាជម្ងឺហ៊ីវនិងអេសដ៏ ការប្រើប្រាស់គ្រឿងញៀន ទំនាក់ទំនង បំរែបំរួលរាងកាយ និងភាពអសមត្តភាពជាដើម។ ដែគូទាំងអស់នេះ មានទីតាំងស្ថិតនៅទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។  យើងសង្ឃឹមថាយើងនឹងអាចពង្រីកបន្ថែមនូវភាពជាដៃគូបញ្ជូនបន្តទៅតាមបណ្តាខេត្តនានាទៀតក្នុងពេលឆាប់ៗនេះ។

យើងក៏មានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋានផងដែរ។

ប្អូនៗអាចអាននូវពត៌មានបន្ថែមពីដៃគូបញ្ជួនបន្តរបស់យើងនៅទីនេះ

ប្រវត្តិរបស់យើង

ដោយស្ថិតក្រោមការផ្តួចផ្តើមពីក្រុមអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន (អង្គការជាតិនិងអន្តរជាតិ) ដែលបានប្តេជ្ញាចិត្តលើកិច្ចការពារសិទ្ធិកុមារនិងយុវវ័យនៅកម្ពុជា បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ត្រូវបានបង្កើតឡើងនៅខែតុលា ឆ្នាំ២០០៩ ក្រោយពីមានការវាយតំលៃនូវតំរូវការដែលថាកុមារគួរតែទទួលបានសេវាក្នុងការពិភាក្សាតាមទូរស័ព្ទដោយឥតគិតថ្លៃ។ បន្ទាប់ពីទទួលបានលេខទូរស័ព្ទដោយឥតគិតថ្លៃពីក្រសួងប្រៃណីយនិងទូរគមនាគមន៍ យើងបានដាក់ឱ្យដំណើរការជាផ្លូវការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពូជានៅខែសីហាឆ្នាំ២០១០។

យើងជាអង្គការមិនមែនរដ្ឋាភិបាល និងឯករាជ្យដែលបានចុះឈ្មោះនៅក្រសួងមហាផ្ទៃនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២។ នៅខែកញ្ញា ឆ្នាំ២០១១ យើងត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់បណ្តាញទូរស័ព្ទជំនួយកុមារអន្តរជាតិ ហើយបានចូលរួមជាមួយបណ្តាញទូរស័ព្ទជំនួយកុមារនិងយុវវ័យជាសកលជាង១៥០បណ្តាញ។ បណ្តាញទូរស័ព្ទនៅក្នុងបណ្តាប្រទេសជាច្រើនទូទាំងសកលលោកកំពុងធ្វើការស្ថាបនាប្រព័ន្ធការពារកុមារ និងបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយនិងលើកកម្ពស់សិទ្ធិកុមារ។ បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា គឺជាបណ្តាញទូរស័ព្ទដំបូងដែលបានដើរតួនាទីដូចគ្នាទៅនឹងអ្វីដែលបណ្តាញទូរស័ព្ទជំនួយកុមារទាំងអស់ទូទាំងសកលលោកកំពុងធ្វើ ហើយបន្ទាប់ពីបានបង្កើតឡើងនូវបណ្តាញទូរស័ព្ទ និង ដំណើរការក្នុងការហៅចូលដោយឥតគិតថ្លៃពីក្រុមហ៊ុនទូរស័ព្ទចល័តនិងទូរស័ព្ទអចល័តក្នុងប្រទេសនោះ យើងបាន បញ្ចប់ដំណើរការសាកល្បងនៅខែមិនា ឆ្នាំ២០១១។

កម្មវិធីរបស់យើងធ្វើការផ្តោតទៅលើកក្តាផ្សេងៗមួយចំនួនដែលទាក់ទងទៅនឹងសិទ្ធិកុមារ ដូចដែលបានចែងនៅក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ប៉ុន្តែយើងធ្វើការផ្តោតជាពិសេសទៅលើសិទ្ធិកុមារក្នុងការស្តាប់ និងសិទ្ធិរបស់យុវវ័យក្នុងការបញ្ចេញមតិដោយសេរី (មាត្រា១២)​សិទិ្ធបញ្ចញមតិរបស់កុមារ (មាត្រា១៣) សិទ្ធិកុមារក្នុងការទទួលពត៌មាន (មាត្រា១៧) និង សិទ្ធិទទួលបានកិច្ចការពារ ក្នុងមាត្រាទី១៩។ កម្មវិធីរបស់យើងធ្វើការដើម្បីជាតំណាងនិងមានបំណងគាំទ្រកុមារនិងយុវវ័យដែលទូរស័ព្ទចូល ដែលទទួលការគំរាមកំហែងឬទទួលនូវទំរង់ផ្សេងៗនៃការរំលោភបំពានដ៏ធ្ងន់ធ្ងរ ហើយពួកគេត្រូវការអ្នកណាម្នាក់ដើម្បីនិយាយ ឬជួយបញ្ជូនពួកគេបន្តទៅសេវាដែលសមស្រប។