អ្វីទៅជាការរក្សាការសម្ងាត់?

តើនៅបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាអ្នកណាដែលដឹងពីអ្វីដែលខ្ញុំបាននិយាយ?

បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជារក្សាការសម្ងាត់ពីអ្វីដែលប្អូនបាននិយាយតាមទូរស័ព្ទរវាងប្អូននិងអ្នកពិគ្រោះ យោបល់របស់យើង ។ យើងនិងកត់ត្រានូវអ្វីដែលប្អូនបានប្រាប់ដែលគ្មាននរណាម្នាក់ដឹង ។ យើងកត់ត្រាដើម្បីអោយយើងបានដឹងនិងចាំនូវអ្វីដែលប្អូនបាន និយាយពីលើកមុន ងាយស្រួលក្នុងការនិយាយបន្តពេលដែលប្អូនទាក់ទងយើងម្តងទៀត។ ប្រសិនបើប្អូនទូរស័ព្ទ ឬសួរសំណួរម្តងទៀតចំអ្នកពិគ្រោះយោបល់ផ្សេង កំនត់ត្រានេះនិងជួយឲ្យអ្នកពិគ្រោះយោបល់ផ្សេងបានយល់និងដឹងសាច់រឿងរបស់ប្អូនដោយប្អូនមិនចាំបាច់រៀបរាប់ ឬពិពណ៌នាឡើងវិញ។ ប្រធានគ្រប់គ្រងផ្នែកពិគ្រោះយោបល់អាចនឹងចូលរួមស្តាប់ការពិភាក្សារបស់ប្អូនជាមួយអ្នកពិគ្រោះយោបល់ ដើម្បីជួយផ្តល់យោបល់បន្ថែមក្នុងការជួយដោះស្រាយបញ្ហាប្អូនឲ្យមានប្រសិទ្ធភាពបំផុត។

តើនឹងមានអ្វីទេ ប្រសិនបើខ្ញុំសួរសំណួរទៅអ្នកពិភាក្សាយោបល់នៅលើគេហទំព័រ www.childhelpline.org.kh?

ប្អូនៗអាចសួរសំណួរដែលទាក់ទងទៅនឹងអារម្មណ៍របស់ប្អូន ឬសំណួរដែលប្អូនចង់ដឹងពីពត៌មាន ផ្សេងៗនៅលើគេហទំព័ររបស់យើងបាន។ សំណួររបស់ប្អូនយើងនឹងធ្វើការបង្ហោះជាសាធារណៈ ដើម្បីឲ្យប្អូនៗ និងយុវវ័យដទៃទៀតបានអាន ព្រមជាមួយនឹងអ្នកពិគ្រោះយោបល់របស់យើងបានឃើញនិងឆ្លើយនូវសំណួររបស់ប្អូន។ យើងនឹងព្យាយាមឆ្លើយតបសំណួររបស់ប្អូនឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ជាធម្មតាយើងត្រូវការពេលវេលាបីថ្ងៃក្នុងការស្រាវជ្រាវនិងរៀបចំពត៌ មាន។ ប្រសិនបើត្រូវការដឹងពីចំណេះដឹងទូទៅ(ពត៌មានទូទៅ) ប្អូនអាចចូលមើលក្នុងទំព័រ “សំណួរដែលត្រូវបានសួរជាញឹកញាប់”។ ពេលដែលប្អូនចូលមកកាន់ទំព័រ សួរអ្នកពិគ្រោះយោបល់ យើងនិងសួរពីឈ្មោះ អាយុ ភេទ ទីកន្លែងដែលប្អូនរស់នៅជាដើម ប៉ុន្តែប្អូនមិនចាំបាច់បំពេញនូវសំណួរទាំងនេះក៏បានប្រសិនបើប្អូនមិនចង់ប្រាប់ ដោយគ្រាន់តែសួរសំណួរមកអ្នកពិគ្រោះយោបល់យើងតែម្តង។ បើប្អូនបានផ្តល់ពត៌មាន (ឆ្លើយសំណួរដែលយើងសួរ ដូចជាអាយុ ភេទ ទីកន្លែង)របស់ប្អូន នោះយើងនឹងដាក់ឲ្យឃើញជាសាធារណៈត្រឹមតែអាយុនិងទីកន្លែងរស់នៅរបស់ប្អូនប៉ុណ្ណោះ។ ចំណែកពត៌មានផ្ទាល់ខ្លួនផ្សេងៗ ទៀតនឹងត្រូវរក្សាទុកជាការសម្ងាត់និងប្រកបដោយសុវត្ថិភាពនៅបណ្តាញទូរស័ព្ទជំនួយកុមារ កម្ពុជា។ ប្អូនអាចនឹងត្រូវកែសំរួល ឬមើលឡើងវិញនូវសំណួរខ្លះៗរបស់ប្អូន គឺអាស្រ័យលើអ្វីដែលប្អូនបាន សួរ និងពាក្យពេចន៍ដែលប្អូនបានប្រើ។ ឧទាហរណ៍ដូចជា ពាក្យពេចន៍អាសអាភាស ពាក្យពេចន៍ដែលហួសហេតុ នឹងត្រូវបានបិទមិនឲ្យឃើញ ដែលពាក្យទាំងនោះមិនសមរម្យសំរាប់ក្មេងៗដទៃក្នុងការអាន។ យើងក៏នឹងលាក់បាំងមិនឲ្យឃើញនូវពត៌មានមួយចំនួនដែលទាក់ទងទៅនឹងពត៌មានផ្ទាល់ខ្លួនរបស់ប្អូន ឬរបស់អ្នកណាម្នាក់នៅក្នុងសំណួររបស់ប្អូន ដូចជាឈ្មោះរបស់ប្អូន ឬឈ្មោះរបស់អ្នកដទៃដើម្បីការពារប្អូននិងអ្នកដទៃ។

តើលេខដែលខ្ញុំទូរស័ព្ទទៅបណ្តាញទូរស័ព្ទជំនួយកុមារនឹងជាប់ក្នុងបញ្ជីរហៅទូរស័ព្ទចេញរបស់ខ្ញុំដែរឬទេ?

ប្រាកដណាស់ លេខទូរស័ព្ទរបស់បណ្តាញទូរស័ព្ទជំនួយកុមារ ១២៨០ នឹងស្ថិតនៅក្នុងបញ្ជីរហៅ ទូរស័ព្ទចេញរបស់ប្អូន។ ប្រសិនបើប្អូនមិនចង់ឲ្យនរណាម្នាក់ឃើញ ឬដឹង ប្អូនអាចលប់វាចេញពី បញ្ជីរហៅទូរស័ព្ទចេញរបស់ប្អូនបាន ហើយមុខងារនេះនឹងមានក្នុងទូរស័ព្ទរបស់ប្អូនស្រាប់។

តើពេលដែលខ្ញុំទូរស័ព្ទចូលអ្នកមានឃើញលេខទូរស័ព្ទខ្ញុំទេ?

ទេ! យើងពុំអាចឃើញលេខទូរស័ព្ទរបស់ប្អូនទេទាល់តែប្អូនប្រាប់យើង។ យើងទទួលទូរស័ព្ទប្អូន តាមរយៈទូរស័ព្ទពិសេស ដែលមិនមែនជាទូរស័ព្ទដៃឡើយ ហើយលេខរបស់ប្អូនមិនត្រូវបានបង្ហាញទេ។ ក្រុមការងារយើងនឹងសួរប្អូនពីលេខទូរស័ព្ទប្អូន ប៉ុន្តែសំរេចលើប្អូនជាអ្នកសំរេចចិត្តប្រាប់ ឬមិន ប្រាប់។ ប្រសិនបើប្អូនប្រាប់លេខទូរស័ព្ទរបស់ប្អូននោះក្រុមការងារនឹងអាចទូរស័ព្ទទៅប្អូនវិញក្នុងករណីដែលទូរស័ព្ទដាច់ដោយចៃដន្យ ឬពេលដែលប្អូនមានអាសន្នណាមួយ។ ម៉្យាងបើប្អូនចង់ឲ្យយើងប្រាប់អ្នកណាម្នាក់ពីអ្វីដែលកំពុងកើតឡើងចំពោះប្អូនដូចជាប្រាប់ប៉ូលីស(សមត្ថកិច្ច) ឬសេវាគាំទ្រផ្សេងៗ យើងនឹងស្នើឲ្យប្អូនប្រាប់ពីលេខទូរស័ព្ទរបស់ប្អូនដើម្បីឲ្យគេអាចទាក់ទងប្អូនបាន។ មានពេលខ្លះពេលដែលយើងបារម្ភពីសុវត្ថិភាពរបស់ប្អូន ឬសុវត្ថិភាពរបស់អ្នកដែលពាក់ព័ន្ធនឹងប្អូន យើងត្រូវតែប្រាប់ពីអ្វីដែលកំពុងកើតឡើងទៅអ្នកដទៃ ក្នុងករណីនេះយើងនឹងសុំលេខទូរស័ព្ទរបស់ប្អូនដែលនេះជាការជួយប្អូនប៉ុណ្ណោះ។ យើងមានបទបញ្ជាយ៉ាងតឹងរឹងចំពោះករណីប្រាប់លេខទូរស័ព្ទរបស់ប្អូនទៅអ្នកដទៃ ដោយយើងនឹងសួរយោបល់របស់ប្អូនជាមុន ។

តើនឹងមានអ្វីទេប្រសិនបើខ្ញុំចង់ឲ្យបណ្តាញទូរស័ព្ទជំនួយកុមារប្រាប់នរណាម្នាក់ពីអ្វីដែល បានកើតឡើងចំពោះខ្ញុំ?

ប្រសិនបើប្អូនចង់ឲ្យនរណាម្នាក់ដឹងពីរឿងប្អូន ប្អូនអាចប្រាប់ទៅអ្នកពិគ្រោះយោបល់របស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាពីអ្វីដែលប្អូនចង់អោយជួយ និងអ្នកណាដែលប្អូនគិតថាគេអាចជួយប្អូន បាន។ យើងអាចនឹងសុំពត៌មានខ្លះៗពីប្អូនដូចជាឈ្មោះពេញរបស់ប្អូន អាស័យដ្ឋាន ថ្ងៃខែឆ្នាំកំណើត ប្អូន និងឈ្មោះសាលាដែលប្អូនរៀនជាដើម។ ពេលខ្លះប្អូនអាចទុកពេលវេលាគិតថាតើគួរឲ្យអ្នក ដទៃដឹង ឬមិនចង់ឲ្យដឹងពីបញ្ហារបស់ប្អូនដោយគ្រាន់តែប្រាប់មកអ្នកពិគ្រោះយោបល់របស់យើងតែ ប៉ុណ្ណោះ។ ប្អូនអាចទូរស័ព្ទមកបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាម្តងទៀតបានគ្រប់ពេលដែលប្អូនចង់។

តើខ្ញុំត្រូវប្រាប់ឈ្មោះខ្ញុំទេ?

ប្អូនអាចប្រាប់មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជាអំពីប្អូនតិច ឬច្រើនតាមដែលប្អូនចង់ប្រាប់។ អ្នកផ្តល់ប្រឹក្សាយោបល់របស់បណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជានឹងសួរប្អូនប្រសិនបើប្អូនចង់ប្រាប់ពីឈ្មោះរបស់ប្អូន អ្វីៗគឺអាស្រ័យលើប្អូនប៉ុណ្ណោះថាចង់ប្រាប់ ឬមិនចង់ប្រាប់។ យើងនឹងស្នើឲ្យប្អូនប្រាប់ពីឈ្មោះរបស់ប្អូនដដែលប្រសិនបើប្អូនទួរស័ព្ទមកម្តងទៀតដើម្បីឲ្យក្រុមការងាររបស់យើង បានដឹងថាជាប្អូនដដែល។ ម៉្យាងទៀតប្រសិនបើប្អូចង់ឲ្យយើងទាក់ទងអ្នកណាម្នាក់ដើម្បីឲ្យគេដឹងពីស្ថានភាពប្អូននោះក្រុមការងារនឹងត្រូវការដឹងពីឈ្មោះប្អូនព្រមទាំងពត៌មានមួយចំនួនទៀតពីប្អូន។

តើបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជានឹងជួយលាក់ការសម្ងាត់ទេ?

យើងតែងតែទុកជាការសម្ងាត់នូវរាល់ការទូរស័ព្ទចូលមកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា ប៉ុន្តែ ប្រសិនបើវាជាក្តីបារម្ភខ្លាំងអំពីសុវត្ថិភាពរបស់ប្អូន ឬរបស់នរណាម្នាក់ យើងនឹងពិភាក្សាជាមួយប្អូនក្នុងករណីថាតើគួរ ឬមិនគួរប្រាប់រឿងរបស់ប្អូនដល់អ្នកដទៃ។ បណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា នឹងប្រាប់ដល់អ្នកដទៃឲ្យដឹងនៅពេលដែលយើងមានអារម្មណ៍ថាវាជារឿងអាសន្ន ដែលទាក់ទងដល់ អាយុជីវិតនរណាម្នាក់ ឬវាជារឿងដែលផ្ទុយទៅនឹងច្បាប់ តែយើងនឹងនិយាយជាមួយប្អូនជាមុន។

អ្វីទៅជាការរក្សាការសម្ងាត់?

ពាក្យថា ការរក្សាការសម្ងាត់ គឺមានន័យថាការដែលមិនប្រាប់នរណាម្នាក់ ឬអ្នកដទៃអំពីអ្វីដែលអ្នកបាន និយាយ។ នោះមានន័យថាប្អូនអាចមានអារម្មណ៍ថាមានសុវត្ថិភាពពេលដែលប្អូននិយាយ​ប្រាប់ យើងនូវអ្វីដែលបាននិងកំពុងកើតឡើងចំពោះប្អូន ឬអារម្មណ៍ដែលប្អូនបានដឹងពីអ្វីមួយដែលអ្នកដទៃមិនបានដឹង។

តើអ្នកមានថតសំលេងទុកទេ ពេលដែលខ្ញុំទូរស័ព្ទទៅបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា?

ពេលដែលប្អូនទូរស័ព្ទមកយើង យើងមិនធ្វើការថតសំលេងទុកនោះទេ។ យើងគ្រាន់តែកត់ត្រាទុក (ដោយសង្ខេប)នូវអ្វីដែលប្អូនបាននិយាយ ដើម្បីជាការងាយស្រួលសំរាប់ក្រុមការងាររបស់យើង នៅពេលដែលប្អូនទូរស័ព្ទមក ប្អូនមិនត្រូវការពន្យល់ ឬពិពណ៌នារឿងរបស់ប្អូនម្តងទៀត។ កំនត់ត្រាទាំងអស់និងរក្សាទុកនៅបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ប្រកបដោយសុវត្ថិភាព។ ប៉ុន្តែជួនកាលយើងក៏ធ្វើការថតសំលេងទុកផងដែរដើម្បីពិនិត្យមើលពីការពិគ្រោះយោបល់ របស់អ្នកពិគ្រោះយោបល់យើង​ ថាតើគាត់បានផ្តល់យោបល់និងសេវាកម្មត្រឹមត្រូវដែរឬទេ? ប្រសិនបើមាន ករណីនេះយើងនឹងសុំការអនុញ្ញាតិពីប្អូនជាមុន។

ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ
ប្រសិនបើប្អូនមានសំណួរដទៃទៀត ទាក់ទងនិងការសម្ងាត់។
សូមថ្លែងអំណរគុណដល់ ChildLine UK ដែលបានអនុញ្ញាតិអោយយើងប្រើប្រាស់និងយកលំនាំនូវ
ពត៌មានពីគេហទំព័រ។