ការពិគ្រោះយោបលតាមទូរស័ព្ទ

តើបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជាពេលយប់នឹងធ្វើការខុសគ្នាពីពេលថ្ងៃទេ?

ប្រាកដណាស់ យើងមានអ្នកពិគ្រោះយោបល់ត្រឹមតែបីបួននាក់តែប៉ុណ្ណោះនៅពេលយប់(ពីម៉ោង៩យប់ដល់ម៉ោង៧ព្រឹក)។ ប៉ុន្តែប្អូននៅតែអាចទូរស័ព្ទចូល ហើយអ្នកពិគ្រោះយោបល់របស់យើងនឹងទទួលទូរស័ព្ទប្អូនព្រមទាំងនូវសេវាគាំទ្រផ្លូវចិត្តនិងការពត៌មានគ្រប់យ៉ាងដូចទៅនឹងពេលថ្ងៃដែរ។ ខណៈពេលដែលអ្នកពិគ្រោះយោបល់របស់យើងកំពុងជាប់រវល់ ប្អូនៗអាចនឹងលឺសំលេង ដែលបញ្ជាក់ថាកំពុងជាប់រវល់ ដូចនេះសូមប្អូនៗមេត្តារង់ចាំនិងព្យាយាមម្តងទៀត។ ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ  ប្រសិនបើប្អូនមានសំណួរដទៃទៀត ទាក់ទងនិងការពិគ្រោះយោបល់តាមទូរស័ព្ទ។

តើនឹងមានអ្វីកើតឡើងដែរឬទេប្រសិនបើខ្ញុំទូរស័ព្ទចូលហើយត្រូវការជំនួយបន្ទាន់នោះ?

ប្អូនអាចនឹងត្រូវការជំនួយបន្ទាន់ដូចជាការអន្តរាគមន៍ពីសមត្ថកិច្ច អាហារ ទីជម្រក ថ្នាំពេទ្យ ឬជា ការប្រឹក្សាផ្នែកច្បាប់។ ក្នុងករណីនេះអ្នកពិគ្រោះយោបល់របស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា អាចនឹងសួរសំណួរខ្លះៗពីប្អូនឲ្យបានយល់ពីស្ថានភាពប្អូនឲ្យច្បាស់។ ​ដើម្បីធ្វើការណែនាំប្អូនក្នុងការបញ្ជូនករណីប្អូនទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងតំបន់ប្អូន ឬអង្គការដែលនៅក្បែរប្អូនបំផុតហើយអាចជួយប្អូនដោយផ្ទាល់ភ្លាមៗ។ យើងអាចធ្វើដូច្នេះបានល្គឹកណាតែទទួលបានការយល់ព្រមពីប្អូន ហើយក៏នឹងត្រូវពិភាក្សាជាមួយអង្គការដទៃទៀតថាតើគេអាចជួយប្អូនបានដែរឬទេ? ប្រសិនបើគេអាចជួយប្អូនបាន យើងនឹងផ្តលនូវពត៌មានមួយចំនួនរបស់ប្អូននិងស្ថានភាពរបស់ប្អូន បន្ទាប់មកទៀតគេនឹងធ្វើការទាក់ទងប្អូន។ យើងក៏នឹងធ្វើការតាមដានដោយអាចធ្វើការទាក់ទងដោយផ្ទាល់ទៅប្អូន ឬយើងនឹងទាក់ទងទៅអង្គការដែលយើងបានផ្តល់ពត៌មានពីប្អូន ក្នុងរយៈពេលមួយសប្តាហ៍ដើម្បីឲ្យដឹងពីស្ថានភាពប្អូន ងាយស្រួលក្នុងការបន្តការគាំទ្រផ្លូវចិត្តប្អូន ក៏ដូចជាចង់ដឹងពីប្រតិកម្មតប និងបទពិសោធន៍របស់ប្អូនចំពោះអង្គការដែលយើងបានជួយប្អូន។ ដំណើរខាងលើនេះយើងហៅថាជាការបញ្ជួនបន្ត ហើយអង្គការដែលបានផ្តលនូវការជួយដោយផ្ទាល់យើងហៅថាជាដៃគួបញ្ជូនបន្ត។ នៅពេលបច្ចុប្បន្ននេះយើងមានអង្គការដៃគូជាផ្លូវការ នៅក្រុងភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ ប៉ុន្តែយើងក៏នៅមានដៃគូជាច្រើនទៀតនៅតាមបណ្តាខេត្តទូទាំងប្រទេសដែលអាចមានលទ្ធភាពជួយប្អូន យើងអាចផ្តល់លេខទំនាក់ទំនងដល់ប្អូន។ ប្អូនអាចធ្វើការសិក្សាបន្ថែមពីដៃគូបញ្ជូនបន្តរបស់យើងនៅទីនេះ។ មិនថាមានរឿងអ្វីកើតឡើងចំពោះប្អូនក៏ដោយ ប្អូននៅតែអាចទូរស័ព្ទមកបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា  ដើម្បីទទួលបានការគាំទ្រផ្លូវចិត្តនិងការផ្តល់ពត៌មាន។

តើបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជានឹងប្រាប់គេពីអ្វីដែលខ្ញុំបាននិយាយទេ?

បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ជាកន្លែងពិសេសដែលរក្សាការសម្ងាត់នូវអ្វីដែលប្អូនៗបាន និយាយប្រាប់យើង។ យើងនឹងនិយាយនូវអ្វីដែលប្អូនបាននិយាយប្រាប់យើងគឺនៅពេលដែល ប្អូនស្នើសុំឲ្យយើងនិយាយប្រាប់នរណាម្នាក់ពីស្ថានភាពប្អូន នៅពេលដែលយើងជឿជាក់ថាប្អូនអាចនឹងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ណាមួយ នៅពេលដែលយើងមានហេតុផលថាវាជារឿងដែលផ្ទុយទៅនឹងច្បាប់ ឬនៅពេលដែលប្អូនអាចទទួលរងគ្រោះពីអ្នកដែលមានឋានៈ តួនាទីក្នុងការចូលទៅជិតកុមារបានដូចជាគ្រូបង្រៀន ឬកំលាំងមានសមត្ថកិច្ចជាដើម។ យើងចង់ឲ្យប្អូនមានសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយយើងយល់ពីប្អូន ប្អូនអាចស្ថិតក្នុងស្ថានភាពផ្សេងៗគ្នា។ ក្នុងករណីដែលវាជាការចាំបាច់បំផុតដែលត្រូវតែប្រាប់នរណាម្នាក់ យើងនឹងព្យាយាមប្រាប់ប្អូនពីវិធីនានាក្នុងការគ្រប់គ្រងស្ថានភាពដែលបានកើតឡើងចំពោះប្អូនឲ្យអស់លទ្ធភាព។ រឿងដែលយើងចង់ធ្វើនោះគឺចង់ឲ្យគ្រប់រឿងដែលមិនល្អវាចេញឆ្ងាយពីប្អូន។ ប្អូនៗអាចស្វែងយល់បន្ថែមពីការរក្សាការសម្ងាត់បាននៅទីនេះ

តើខ្ញុំត្រូវតែប្រាប់អ្វីខ្លះទៅ?

ប្អូនមិនចាំបាច់ប្រាប់យើងគ្រប់យ៉ាងនោះទេ អ្វីដែលប្អូនចង់ប្រាប់យើងចាំប្អូនប្រាប់។ យើងអាចនឹងសួរប្អូនខ្លះៗដើម្បីយល់ពីប្អូនក៏ដូចជាដើម្បីជួយឲ្យប្អូនអាចនិយាយចេញមកនូវអ្វីដែលប្អូនពិបាក និយាយ ហើយបើប្អូនមិនចង់ឆ្លើយនោះប្អូនអាចមិនឆ្លើយក៏បាន។ ចូរប្អូនប្រាប់យើងប្រសិនបើប្អូនមានអារម្មណ៍ថារឿងដែលប្អូនចង់និយាយវាពិបាកក្នុងការនិយាយ។ ប្អូនអាចទូរស័ព្ទមកយើងបានគ្រប់ពេល បើទោះបីជាការទូរស័ព្ទលើកមុនរបស់ប្អូន ប្អូនមិនបាននិយាយអ្វីក៏ដោយ។ ពេលដែលប្អូន ទូរស័ព្ទមកយើងប្អូនជាអ្នកមានសិទ្ធិសំរេច ប្អូនអាចបិទទូរស័ព្ទពេលណាក៏បាន។ ប្រសិនបើប្អូនចង់ទូរស័ព្ទមកវិញនោះយើងនៅតែចាំទទួលប្អូនជានិច្ច ដោយយើងបើកបំរើសេវាជូន២៤ម៉ោងជារៀង រាល់ថ្ងៃ។ ពេលដែលប្អូនព្យាយាមប្រាប់យើងពីអ្វីដែលបានកើតឡើងចំពោះប្អូនកាន់តែច្រើន នោះយើងកាន់តែអាចយល់បានច្រើនពីបញ្ហារបស់ប្អូន វានឹងជួយឲ្យយើងកាន់តែងាយស្រួលក្នុងការជួយពិគ្រោះយោបល់ដល់ប្អូន។  

តើខ្ញុំគួរនិយាយអ្វីទៅ?

ប្អូនអាចនិយាយនូវអ្វីដែលប្អូនចង់និយាយ ប្អូនចង់លើកយកបញ្ហាអ្វីមកនិយាយប្រាប់យើងក៏បាន។​យើងដឹងថានៅពេលដែលប្អូនកំពុងពិបាកចិត្ត ឬមានអារម្មណ៍មិនល្អវាអាចនឹងពិបាកក្នុងការចាប់ផ្តើម ដោយមិនដឹងថាគួរចាប់និយាយពីចំនុចណាទេ។ អ្នកពិគ្រោះយោបល់របស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា នឹងទុកពេលវេលាឲ្យប្អូនហើយពួកគាត់នឹងជួយពន្យល់ប្អូនតាមដែលអាចធ្វើទៅបានដើម្បីធ្វើឲ្យប្អូនអាចនិយាយចេញនូវអ្វីដែលបានកើតឡើងចំពោះប្អូន ទើបពួកគាត់អាចជួយពិគ្រោះយោបល់និងគាំទ្រប្អូនបាន។   មានចំនុចមួយចំនួនដែលប្អូនគួរយល់ដឹងមុនពេលដែលប្អូនសំរេចចិត្តទូរស័ព្ទមក ដែលចំនុចទាំងនេះអាចនឹងជួយធ្វើអោយការសន្ទនាកាន់តែប្រសើរ៖
  • ចូរប្អូនរកកន្លែងណាដែលមានសុវត្ថិភាព ឬកន្លែងដែលពុំមានការរំខានដើម្បីទូរស័ព្ទមក
យើង។
  • ប្រសិនបើប្អូនហៅចូលពីទូរស័ព្ទសាធារណៈ ឬប្អូននៅទីសាធារណៈ សូមប្អូនរកកន្លែងណាដែលស្ងាត់ដោយពុំមានសំលេងរំខាន ធ្វើដូច្នេះអ្នកពិគ្រោះយោបល់យើងនឹងអាចស្តាប់ប្អូនបានច្បាស់ល្អ។
  • ប្អូនអាចទូរស័ព្ទមកបានគ្រប់ពេល ប៉ុន្តែប្អូនគួរតែគិតថាតើប្អូនចង់និយាយអ្វីមុនពេលដែលប្អូនទូរស័ព្ទចូលមក។

តើខ្ញុំនឹងនិយាយជាមួយអ្នកណាពេលខ្ញុំទូរស័ព្ទចូលបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា?

ប្អូននឹងជួបជាមួយអ្នកពិគ្រោះយោបល់ដែលឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ ឬអ្នកស្ម័គ្រ ចិត្តពិគ្រោះយោបល់ដែលមានបទពិសោធន៍ក្នុងការស្តាប់និងនិយាយជាមួយកុមារព្រមទាំងយុវវ័យ។ អ្នកពិគ្រោះយោបល់ជាមនុស្សដែលនឹងស្តាប់ប្អូន ព្យាយាមយល់ពីអារម្មណ៍ប្អូនដែលពិបាកក្នុងការទាក់ទង(ទូរស័ព្ទ) មកយើង។ពួកគាត់យល់ដឹងពីប្រភេទបញ្ហាផ្សេងៗដែលប្អូនកំពុងបារម្ភ ហើយពួកគាត់នឹងមិនវិនិច្ឆ័យ(ថាល្អឬអាក្រក់)លើប្អូននោះទេ។ ប្អូនអាចទុកចិត្តពួកគាត់ហើយគួររតែប្រាប់ពួកគាត់ដោយត្រង់នូវអ្វីដែលបានកើតឡើងចំពោះប្អូន។ អ្នកពិគ្រោះយោបល់ក៏ជាមនុស្សធម្មតាដែលមានការងារ គ្រួសារ និងមិត្តភក្តិផ្សេងៗ ហើយពួកគាត់គ្រប់រូបក៏ធ្លាប់ឆ្លងកាត់កុមារភាពនិងបទពិសោធន៍ផ្សេងៗពីកុមារផងដែរ។ ពួកគាត់ជាមនុស្សពិតដែលខ្វល់ និងចង់ស្តាប់ព្រមទាំងគាំទ្រប្អូន។ ប្អូនជាមនុស្សសំខាន់ក្នុងការសន្ទនាដូច្នេះហើយទើបអ្នកពិគ្រោះយោបល់នឹងមិននិយាយពីបញ្ហារបស់គាត់ ឬឆ្លើយនឹងសំណួរដែលទាក់ទងទៅនឹងរឿងផ្ទាល់ខ្លួនរបស់ពួកគាត់ឡើយ។

តើអ្នកពិគ្រោះយោបល់នឹងប្រាប់ឈ្មោះរបស់ពួកគាត់ទេ?

ការទូរស័ព្ទចូលបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា អ្នកដែលសំខាន់បំផុតនោះគឺប្អូនៗ យើងផ្តោតលើប្អូនៗ ដូច្នេះអ្នកពិគ្រោះយោបល់នឹងមិនធ្វើការចែករំលែកពីពត៌មានផ្ទាល់ខ្លួនរបស់ពួកគាត់ឡើយ។ ទោះយ៉ាងណាក៏ដោយអ្នកពិគ្រោះយោបល់នឹងប្រាប់ឈ្មោះពួកគាត់ដល់ប្អូនដើម្បីឲ្យប្អូនមានអារម្មណ៍ថាកក់ក្តៅក្នុងការនិយាយជាមួយពួកគាត់។ ប្រសិនបើប្អូនចង់ដឹងពីឈ្មោះរបស់គាត់ប្អូន អាចសួរពួកគាត់ដោយផ្ទាល់បាន។  

តើខ្ញុំនឹងត្រូវរងចាំដើម្បីនិយាយជាមួយអ្នកពិគ្រោះយោបល់ទេ?

បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើយ៉ាងណាឲ្យប្រាកដថា ពេលដែលប្អូនៗត្រូវការពួកយើង(ជំនួយជាមតិយោបល់ ជាពត៌មាន ឬជាការសង្គ្រោះ) នោះពួក យើងនឹងអាចជួយប្អូនៗបានភ្លាមៗ។ ប៉ុន្តែជួនកាលបណ្តាញទូរស័ព្ទអាចនឹងជាប់រវល់ព្រោះតែ ទទួលបានការទូរស័ព្ទចូលច្រើនក្នុងពេលតែមួយ។ ខណៈពេលដែលអ្នកពិគ្រោះយោបល់របស់ យើងកំពុងជាប់រវល់ ប្អូនៗអាចនឹងលឺសំលេងដែលបញ្ជាក់ថាកំពុងជាប់រវល់ ដូចនេះសូមប្អូនៗមេត្តារង់ចាំនិងព្យាយាមម្តងទៀត។ យើងដឹងថាការរង់ចាំពិតជាមិនស្រួលចិត្តទេនៅពេលដែលប្អូនៗត្រូវការជំនួយភ្លាមៗនោះ ប៉ុន្តែសូមប្អូនអត់ធ្មត់បន្តិចនិងអធ្យាស្រ័យ។ យើងខ្វល់ពីប្អូនៗគ្រប់គ្នាដែលបានទូរស័ព្ទមក ហើយអ្នកពិគ្រោះយោបល់របស់យើងនឹងទទួលទូរស័ព្ទប្អូនៗភ្លាម នៅពេលដែលការសន្ទនាជាមួយអ្នកទូរស័ព្ទចូលមុនបានបញ្ចប់។ ប្អូនៗមានសារៈសំខាន់ណាស់សំរាប់យើង យើងចង់ស្តាប់នូវអ្វីដែលប្អូនចង់និយាយ។

តើមានអ្វីកើតឡើងពេលដែលខ្ញុំទូរស័ព្ទចូល?

ពេលដែលប្អូនទូរស័ព្ទមក​១២៨០ អ្នកដែលឆ្លើយទូរស័ព្ទប្អូនជាអ្នកពិគ្រោះយោបល់តាមទូរស័ព្ទ របស់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ហើយពួកគាត់នឹងចាប់ផ្តើមដោយសួរពីឈ្មោះប្អូន ប៉ុន្តែ ប្អូនអាចមិនប្រាប់ក៏បាន។ ប្អូនអាចឈ្មោះក្លែងក្លាយ​(ឈ្មោះសំរាប់ក្រុមការងារយើងហៅប្អូន) ប្រសិនបើប្អូនមិនចង់ប្រាប់ពីឈ្មោះពិតរបស់ប្អូន។ បន្ទាប់មកទៀតអ្នកពិគ្រោះយោបល់យើងនឹងសួរពីបញ្ហារបស់ប្អូន ឬសួរពីអ្វីដែលប្អូនចង់ដឹង។​ ពួកគាត់នឹងស្តាប់ប្អូនយ៉ាងយកចិត្តទុកដាក់ ហើយ គាត់អាចសាកសួរនូវចម្ងល់ខ្លះៗ ដើម្បីឲ្យប្រាកដថាពួកគាត់បានយល់ពីសាច់រឿងឬបញ្ហារបស់ ប្អូន។ ប្រសិនបើប្អូនមានបញ្ហា ពួកគាត់អាចនឹងសួរសំណួរមួយចំនួនដែលធ្វើឲ្យប្អូនគិតពិចារណាពី បញ្ហារបស់ប្អូន ដោយពិចារណាលើវិធីដោះស្រាយនានាផ្អែកទៅលើការយល់ឃើញរបស់ប្អូនៗផងដែរ។ ពួកគាត់អាចជួយប្អូនក្នុងការគិតដល់អ្នកដែលនៅជុំវិញខ្លួនប្អូនដែលអាចជួយប្អូនបាន។ ប្អូនមិនចាំបាច់ឆ្លើយសំណួរក៏បានប្រសិនបើប្អូនមិនចង់គិត ព្រោះប្អូនជាអ្នកមានសិទ្ធិសំរេចក្នុងការសន្ទនានេះ។

តើខ្ញុំគួរនិយាយជាមួយអ្នកពិគ្រោះយោបល់ដោយរបៀបណា?

ប្អូនអាចទូរស័ព្ទមកបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា១២៨០ ដោយឥតគិតថ្លៃពីទូរស័ព្ទដៃ ឬទូរស័ព្ទលើតុពីគ្រប់ទីកន្លែងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសប្អូនអាចទូរស័ព្ទមកយើងបាន បើទោះបីជាទូរស័ព្ទរបស់ប្អូនពុំមានទឹកប្រាក់សោះ។ ប្អូនអាចទូរស័ព្ទមកថ្ងៃណា និងពេលណាក៏បានពីព្រោះយើងបើកបំរើសេវា២៤ម៉ោងជារៀងរាល់ថ្ងៃ រួមបញ្ចូលទាំងថ្ងៃបុណ្យជាតិទាំងអស់ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌជាដើម។ ប្អូនៗក៏អាចសួរសំណួរនៅលើគេហទំព័រនេះ ឬប្អូនអាចផ្ញើសារជាអក្សរទៅលេខ ១២៩៣ (ឥតគិតថ្លៃសម្រាប់អ្នកប្រើស៊ីមកាតប្រព័ន្ធសែលកាត មិត្តហ្វូន និងស្មាត) អ្នកពិគ្រោះយោបល់របស់យើងនឹងព្យាយាមឆ្លើយតបប្អូនឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ជាទូទៅគឺចន្លោះពីមួយទៅបីថ្ងៃ។

តើការពិគ្រោះយោបល់តាមទូរស័ព្ទប្រយោជន៍អ្វីខ្លះ?

ពេលដែលប្អូនជួបបញ្ហា វាមានប្រយោជន៍ណាស់ដែលប្អូនអាចនិយាយវាចេញមកឲ្យនរណាម្នាក់បានស្តាប់។ ការទទួលបាននូវសេវាគាំទ្រផ្លូវចិត្តនិងពត៌មានអាចជួយប្អូនៗក្នុងការដោះស្រាយបញ្ហា និងអាចធ្វើឲ្យប្អូនបានធូរអារម្មណ៍ពីអ្វីដែលបានកើតឡើងចំពោះប្អូន។ ទោះជាមានរឿងអ្វីកើតឡើងតូចឬធំក៏ដោយ ប្អូនមិនត្រូវនៅម្នាក់ឯងនោះទេ។ យើងរិតតែចង់អោយប្អូនស្ថិតក្នុងស្ថានភាពប្រកបដោយសុវត្ថិភាពថែមទៀត។

សូមថ្លែងអំណរគុណដល់ ChildLine UKដែលបានអនុញ្ញាតិអោយយើងប្រើប្រាស់និងយកលំនាំនូវ

ពត៌មានពីគេហទំព័រ។