អំពើរំលោភបំពានកុមារ

វាពុំមែនជាការងាយស្រួលនោះទេដើម្បីឲ្យដឹងថាប្អូន ឬនរណាម្នាក់កំពុងត្រូវបានគេរំលោភបំពានប៉ុន្តែប្អូនត្រូវតែចងចាំថាគ្មាននរណាម្នាក់មានសិទ្ធិមកបង្កការឈឺចាប់ចំពោះប្អូនឬបញ្ជាឲ្យប្អូនធ្វើអ្វីដែលប្អូនមានអារម្មណ៍ថាខុសនោះទេ។

ទម្រង់នៃអំពើរំលោភបំពានអាចកើតឡើងជាលក្ខណៈតែមួយភ្លែត ឬអាចកើតឡើងជាលក្ខណៈយូរអង្វែង។ វាអាចកើតឡើងចំពោះមនុស្សគ្រប់រូប ទាំងប្រុសទាំងស្រី គ្រប់វ័យទាំងអស់ និងអាចកើតឡើងបានគ្រប់ទីកន្លែង ហើយអ្នកប្រព្រឹត្តអាចជានរណាម្នាក់ដែលជាប្រុស ឬស្រី មនុស្សពេញវ័យគ្រប់វ័យទាំងអស់ និងអាចកើតឡើងបានគ្រប់ទីកន្លែងដូចគ្នា អ្នកប្រព្រឹត្តអាចជាមនុស្សប្អូនស្គាល់ ឬអាចជាមនុស្សដែលប្អូនមិនស្គាល់។

ប្រសិនបើប្អូនត្រូវបានរំលោភបំពានវាមិនមែនជាកំហុសរបស់ប្អូនទេ ហើយប្អូនក៏មិននៅឯកោដែរ។ ប្រសិនបើប្អូន ឬអ្នកដែលប្អូនស្គាល់ត្រូវបានរំលោភបំពាន វាមានសារៈសំខាន់ណាស់ដែលប្អូនត្រូវតែប្រាប់នរណាម្នាក់ឲ្យដឹងពីរឿងនេះ។ ប្អូនអាចទូរស័ព្ទមកបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា១២៨០បានគ្រប់ពេលវេលាទាំងអស់។

អំពើរំលោភបំពានត្រូវបានចែកជា៤ប្រភេទដូចខាងក្រោម៖

•    អំពើរំលោភបំពានផ្លូវកាយ គឺនៅពេលដែលអ្នកណាម្នាក់មានចេតនា ឬបំណងធ្វើឲ្យប្អូនឈឺចាប់ ឬរងរបួសផ្នែកណាមួយនៃរាងកាយរបស់ប្អូន ដែលការរំលោភបំពាននេះមានដូចជាវាយ(ដាល់) ទាត់ធាក់ ចាប់ទាញសក់ វាយឬគប់ដោយរបស់អ្វីមួយបណ្តាលឲ្យប្អូនរងរបួសកាប់ ធ្វើឲ្យជាំ ធ្វើឲ្យបាក់ឆ្អឹង ឬអាចឈានដល់ការធ្វើឲ្យស្លាប់ ។
•    អំពើរំលោភបំពានផ្លូវភេទ គឺនៅពេលដែលប្អូនត្រូវបានបង្ខិតបង្ខំ គំរាមកំហែង ឬត្រូវគេប្រើល្បិចបោកបញ្ឆោត ដើម្បីឲ្យប្អូនជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពផ្លូវភេទជាមួយអ្នកណាម្នាក់។ អំពើរំលោភបំពានអាចមានដូចជា ការថើប ការប៉ះពាល់នៅកន្លែងសំខាន់(អង្គជាតិបុរស ឬទ្វារមាសស្រ្តី) ការស្ទាបអង្អែលដើមទ្រូង ការរួមភេទ ឬជាការរួមភេទតាមមាត់ជាដើម។ការ
រំលោភបំពានផ្លូវភេទកើតឡើងនៅពេលដែល៖

 • ប្អូនត្រូវបាននរណាម្នាក់ប៉ះពាល់ហើយប្អូនមិនចូលចិត្តនិងមិនត្រូវបានប្អូនយល់ព្រម
 • នៅពេលដែលប្អូនត្រូវបានបង្ខំឲ្យរួមភេទ
 • នៅពេលដែលប្អូនត្រូវបានបង្ខំឲ្យមើលរូបភាព ឬវីដេអូអាសអាភាស
 • នៅពេលដែលប្អូនត្រូវបានចាប់ឲ្យមើលអ្នកណាម្នាក់កំពុងប្រព្រឹត្តសកម្មភាពអាសអាភាស រួមទាំងការបង្ហាញពីផ្នែកសំខាន់ (អង្គជាតិបុរស ឬទ្វារមាសស្រ្តី) របស់អ្នកណាម្នាក់ឲ្យប្អូនមើលទៀតផង
 • នៅពេលដែលប្អូនត្រូវបានចាប់ឲ្យធ្វើសកម្មភាពផ្លូវភេទលើអ្នកណាម្នាក់ដែលប្អូនមានអារម្មណ៍ថាមិនស្រួលចិត្ត និងមានអារម្មណ៍ថាខុស។

•    ការមិនអើពើ មានន័យថានៅពេលដែលប្អូនត្រូវការអ្វីដែលជាការចាំបាច់ប៉ុន្តែមិនត្រូវបានផ្តល់ឲ្យ ឬប្អូនមិនត្រូវបានមើលថែទាំឲ្យបានដិតដល់ពីសំណាក់ឳពុកម្តាយ ឬអាណាព្យាបាល។ ការមើលថែទាំឲ្យបានដិតដល់នោះមានន័យថាប្អូននឹងទទួលបានរបស់មួយចំនួនដូចខាងក្រោម៖

 • ទទួលបាននូវសំលៀកបំពាក់ ឬស្បែកជើងសមរម្យ (ស្អាតបាត)
 • ទទួលបាននូវការថ្នាក់ថ្នម និងផ្តល់ក្តីស្រលាញ់
 • ទទួលបាននូវអាហារគ្រប់គ្រាន់
 • ទទួលបាននូវកិច្ចការពារនិងណែនាំឲ្យចេញឆ្ងាយពីស្ថានភាពគ្រោះថ្នាក់ផ្សេងៗ
 • ទទួលបាននូវទីកន្លែងសុត្ថិភាព កក់ក្តៅ និងផាសុកភាពសំរាប់គេង
 • ជួយមើលថែពេលដែលប្អូនមានជម្ងឺ ឬរងរបួសពីអ្វីមួយ
 • គាំទ្រប្អូនឲ្យទទួលបាននូវការអប់រំដ៏ត្រឹមត្រូវ

ទទួលបាននូវការមើលថែទាំត្រឹមត្រូវមានន័យថាប្អូននឹងមិនត្រូវបានទុកចោលក្នុងរយៈពេលយូរ ឬ ប្អូនត្រូវទទួលខុសត្រូវមើលថែទាំអ្នកផ្សេងក្នុងបន្ទុកគ្រួសារដោយពុំមានការជួយគាំទ្រពីមនុស្សពេញវ័យនោះទេ។

•    អំពើរំលោភបំពានផ្លូវចិត្ត គឺនៅពេលដែលអ្នកណាម្នាក់និយាយ ឬធ្វើអ្វីមួយដែលធ្វើឲ្យប្អូនមានអាម្មណ៍មិនល្អ (អារម្មណ៍មួរហ្មង) ចំពោះខ្លួនឯង ឬធ្វើឲ្យប្អូនមានអារម្មណ៍ឈឺចាប់ដោយចេតនា។ ប្រសិនបើអ្នកណាម្នាក់ធ្វើឲ្យប្អូនខ្លាច ពិបាកចិត្ត អន់ចិត្ត នោះហើយជាការរំលោភបំពានផ្លូវចិត្ត។ ការរំលោភបំពានផ្លូវចិត្តអាចបង្ហាញឲ្យឃើញដូចខាងក្រោម៖
ស្រែកខ្លាំងៗដាក់ប្អូន ឬ ហៅឈ្មោះប្អូនបែបស្មោគគ្រោគ

 • មើលងាយប្អូន ឬនិយាយបន្ថោកពីសមត្ថភាពប្អូន
 • ព្រងើយកន្តើយចំពោះប្អូន មិននិយាយជាមួយប្អូនដោយទុកប្អូនចោលមិនរាប់រក
 • និយាយ ឬធ្វើឲ្យប្អូនមានអារម្មណ៍មិនល្អចំពោះខ្លួនឯង
 • មិនផ្តល់ក្តីស្រលាញ់ដល់ប្អូន ទុកប្អូនដូចជាមិនមែនអ្នកស្ថិតក្នុងក្រុមគ្រួសារ
 • បង្គាប់ឲ្យប្អូនធ្វើអ្វីដែលហួសពីការទទួលខុសត្រូវរបស់ប្អូន ដូចជាឲ្យប្អូនមើលថែទាំប្អូនប្រុស ឬប្អូនស្រីជាដើម
 • ទុកប្អូនមិនស្មើបងប្អូនរបស់ប្អូន
 • ព្យាយាមត្រួតត្រាប្អូន
 • ធ្វើឲ្យប្អូនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ឬបង្ហាញឲ្យប្អូនឃើញនូវរូបភាពដែលធ្វើឲ្យ

ប្អូនមានកង្វល់ ដូចជាអំពើហិង្សាក្នុងគ្រួសារ ការប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់គ្រឿងស្រវឹងជាដើម

 • រារាំងការរាប់អានមិត្តភក្តិរបស់ប្អូន។

ប្អូនអាចទូរស័ព្ទ ឬ ផ្ញើសារជាអក្សរមកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។