ទំនាក់ទំនង

ខ្ញុំទើបបែកគ្នាជាមួយសង្សារ ខ្ញុំពិបាកចិត្តណាស់។ តើខ្ញុំអាចធ្វើអ្វីបានដើម្បីឲ្យឆាប់ភ្លេចគេ?

ការបែកបាក់ស្នេហាជាមួយដៃគូវាជារឿងដែលពិបាកពិពណ៌នា ព្រោះថាអារម្មណ៍ផ្សេងៗអាចនឹងកើតមានខុសៗគ្នា ដូចជាមានអារម្មណ៍ខឹង សោកសៅ ពិបាកចិត្ត ហើយរិតតែពិបាកធ្វើឲ្យអារម្មណ៍ ទាំងនេះចេញពីខ្លួនយើងបានដោយងាយណាស់។ យើងត្រូវការពេលវេលាដើម្បីជួយសំរាល និងដោះស្រាយជាមួយអារម្មណ៍ទាំងនេះ ពេលវេលានៃការសំរាលអារម្មណ៍ទាំងនេះក៏ខុសៗគ្នាដែរសំរាប់មនុស្សម្នាក់ៗ។ បើប្អូនធ្លាប់មានទំនាក់ទំនងជាមួយដៃគូទោះរយៈពេលខ្លី ឬវែងក្តី ក៏វាពិបាកនឹងបំភ្លេចគេណាស់ព្រោះប្អូនធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នា ដូច្នេះហើយទើបយើងឈឺចាប់ ឬសោកសៅ។ ប៉ុន្តែប្អូនអាចបន្ថយនូវភាពសោកសៅដោយចំណាយពេលវេលានៅជាមួយមនុស្សដែលប្អូនចូលចិត្ត; មិត្ត ភក្តិ ឬក្រុមគ្រួសារឲ្យបានច្រើន ហើយនិងចំណាយពេលវេលាធ្វើកិច្ចការដែលប្អូនចូលចិត្ត។ ទាំងអស់នេះនឹងអាចជួយប្អូនឲ្យភ្លេចនូវភាពសោកសៅបានខ្លះ។   ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ  ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

ខ្ញុំស្រលាញ់មនុស្សម្នាក់ គេមិនស្រលាញ់ខ្ញុំទេ។ តើគួរធ្វើដូចម្តេចទើបអាចឲ្យគេចាប់អារម្មណ៍ មកលើខ្ញុំ?

ប្រសិនបើប្អូនណាម្នាក់ចូលចិត្តឬស្រលាញ់ប្អូននោះ វាក៏ព្រោះតែប្អូនជាប្អូន ដូច្នេះសូមកុំព្យាយាមកែប្រែខ្លួនប្អូនព្រោះតែធ្វើអោយប្អូនដទៃចាប់អារម្មណ៍​ ពេលនោះប្អូននឹងមិនមែនជាប្អូនទេ។ វាពិបាកខ្លាំងណាស់នៅពេលដែលប្អូនស្រលាញ់នរណាម្នាក់ ហើយគេមិនចូលចិត្តប្អូននោះ ប្រសិនបើប្អូនបានដឹងហើយគួរតែទទួលស្គាល់និងព្យាយាមចាប់អារម្មណ៍លើរឿងផ្សេងវិញ។ ប្រសិនបើប្អូនចូលចិត្តប្អូនណា ព្យាយាមស្វែងយល់ពីគេ សិក្សាពីប្រវត្តិគេ (ចំនង់ចំនូលចិត្ត បុគ្គលិកលក្ខណៈ អត្តចរិត) ជាដើម។ បើចរិតលក្ខណៈប្អូនទាំងពីរដូចគ្នា មិត្តភាពអាចនឹងកើតមានហើយទំនាក់ទំនងផ្នែកអារម្មណ៍(មនោសញ្ចេតនា)នឹងកើតមានជាបន្តបន្ទាប់។ ប៉ុន្តែត្រូវចងចាំថាមនោសញ្ចេតនាជារឿងមិនអាចបង្ខំបានទេ ព្រោះវាមិនមែនជាអារម្មណ៍របស់ប្អូន។   ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។