ជីវិតនិងការសិក្សា

តើខ្ញុំត្រូវធ្វើដូចម្តេចទើបអាចកាត់បន្ថយស្ត្រេស?

ស្រ្តេសជាផ្នែកមួយនៃជីវិតមនុស្សយើង។ វាគឺជាប្រតិកម្មតបធម្មតាទៅលើអារម្មណ៍ បញ្ញា ឬ សកម្មភាពរាងកាយរបស់យើង។ វាអាចជាប្រតិកម្មវិជ្ជមានប្រសិនបើវាជួយអោយយើងដឹង, ជំរុញឲ្យយើងធ្វើអ្វីមួយ និងធ្វើឲ្យយើងចេះត្រៀមខ្លួនចំពោះគ្រោះថ្នាក់ផ្សងៗ។ ទោះយ៉ាងណាក៏ដោយវាក៏បានផ្តល់នូវភាពអវិជ្ជមាននៅពេលដែលប្រតិកម្មតបមានកំរិតខ្លាំង ដែលវាអាចបង្កើនឱកាសនៃ ការធ្លាក់ទឹកចិត្ត ព្រមទាំងបញ្ហាផ្សេងៗ។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលអាចជួយប្អូនឲ្យគ្រប់គ្រងស្រ្តេសបាន ៖
  • រក្សាអាកប្បកិរិយាជាវិជ្ជមាន
  • ចេះទទួលយកនូវអ្វីដែលកើតមានទោះជាប្អូនមិនអាចគ្រប់គ្រងបានក៏ដោយ
  • និយាយចេញនូវអារម្មណ៍ គំនិត និងការគិតផ្សេងៗជាជាងការទុកក្នុងចិត្តដែលអាចក្លាយជាកំហឹង
  • ចូរហាត់រៀនអនុវត្តនូវវិធីសំរាកបន្ធូរអារម្មណ៍ ដោយការដកដង្ហើមវែងៗ ឬស្តាប់ចំរៀង
កំសាន្ត
  • ការហាត់ប្រាណជាប្រចាំ រាងកាយរបស់ប្អូននឹងមានសមត្ថភាពប្រឆាំងជាមួយស្រ្តេសបាន
  • ទទួលទានអាហារដែលប្រកបដោយជីវជាតិគ្រប់គ្រាន់
  • គួររៀនគ្រប់គ្រងពេលវេលា; កត់ទុកនូវកិច្ចការណាដែលសំខាន់ៗក្នុងកាលវិភាគ ហើយធ្វើវាជាប្រចាំក៏អាចជួយកាត់បន្ថយស្ត្រេសបានមួយផ្នែកដែរ
  • ចេះចែករំលែកពេលវេលាលំហែ ឬសំរាក ធ្វើអ្វីដែលប្អូនចូលចិត្ត​និងប្អូនចង់ធ្វើ
  • ត្រូវចេះសំរាកនិងគេងឲ្យបានគ្រប់គ្រាន់។ រាងកាយយើងក៏ត្រូវការស្រូបយកថាមពលវិញ
ពី​ការទប់ទល់នឹងស្រ្តេស
  • កុំរំពឹងថាការទទួលទានជាតិស្រវឹង គ្រឿងញៀន ឬអាហារអាចកាត់បន្ថយស្រ្តេសបាន
ហើយក៏គួរតែកុំទទួលទានកាហ្វេច្រើនពេក
  • អាចស្វែងរកបណ្តាញសង្គមដែលគាំទ្រផ្លូវចិត្តដល់ប្អូន ប្អូនក៏គួរចំណាយពេលវេលាជាមួយ​មិត្តភក្តិ ក្រុមគ្រួសារ ឬប្អូនណាដែលយល់ចិត្តប្អូន
  ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ  ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

តើគួរធ្វើដូចម្តេចទើបគេងលក់ស្រួល?

វាជាការចាំបាច់ណាស់សំរាប់ប្អូនក្នុងការទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ វានឹងជួយឲ្យប្អូនភ្ញាក់ឡើងប្រកបដោយភាពស្វាហាប់និងពោរពេញដោយថាមពល។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះវាអាចនឹងពិបាកងងុយគេងរឺគេងឲ្យលក់ព្រោះតែបញ្ហាផ្លូវអារម្មណ៍និងបរិយាកាសនៅកន្លែងគេង។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលអាចជួយប្អូនឲ្យគេងលក់ស្កប់ស្កល់ ៖
  • ព្យាយាមគេងអោយទៀងទាត់(ម៉ោងគេងនិងម៉ោងភ្ញាក់)
  • គួរឆ្លៀតគេងបន្តិចប្រសិនបើប្អូនគេងមិនលក់ពីពេលយប់
  • ធ្វើយ៉ាងណាឲ្យក្នុងផ្ទះមានពន្លឺថ្ងៃចូលគ្រប់គ្រាន់ ហើយកន្លែងរៀនមានរបៀប
  • គួរព្យាយាមបង្កើតបរិយាកាសគេងដែលជួយបន្ធូរអារម្មណ៍ប្អូន, បន្ទប់របស់ប្អូនគួរតែត្រជាក់
និងស្ងាត់ គ្រែគេងគួរតែមានផាសុកភាព ហើយពន្លឺក្នុងបន្ទប់គួរតែល្មមសមតាមដែលប្អូន ចូលចិត្ត។
  • គួរទទួលទានអាហារណាដែលសមប្រកបសំរាប់រាងកាយ និងហាត់ប្រាណជាប្រចាំ
  • កុំទទួលទានអាហារច្រើននៅពេលយប់
  • កុំទទួលទានភេសជ្ជៈពេលយប់ ជាពិសេសកាហ្វេនិងជាតិស្រវឹង
  • បន្ធូរអារម្មណ៍ដែលតានតឹង; មិនសប្បាយចិត្ត; មួរម៉ៅ និងស្ត្រេស ហើយដកដង្ហើមមួយៗ
ឬប្អូនអាចស្តាប់ចំរៀងបែបមនោសញ្ចេតនាមុនពេលគេងជាដើម។   ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ  ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

តើខ្ញុំគួរធ្វើដូចម្តេចទើបអាចក្លាយជាសិស្សពូកែ ហើយធ្វើឲ្យការចងចាំខ្ញុំបានល្អ?

ប្អូនរាល់គ្នាសុទ្ធតែចង់ធ្វើឲ្យការសិក្សារបស់ខ្លួនទទួលបានលទ្ធផលល្អ ហើយវាអាចនឹងពិបាកសំរាប់ការព្យាយាមចងចាំគ្រប់រឿងនៅពេលដែលយើងជាប់រវល់ខ្លាំង។​ ប៉ុន្តែមានកំណាព្យខ្មែរមួយឃ្លា បានលើកឡើងថា “ចេះមកពីខំរៀន មានមកពីខំរក”។ វាមានសារៈសំខាន់ណាស់ក្នុងការយល់ពីការរៀនសូត្រផ្ទាល់ខ្លួន ព្រោះមនុស្សម្នាក់ៗមានវិធីរៀន រៀងៗខ្លួន។ អ្នកខ្លះរៀនដោយមើល; ដោយការនិយាយ; ដោយសរសេរ ឬអាន ហើយអ្នកខ្លះវិញឮរៀនដោយរួមបញ្ចូលទាំងអស់ខាងលើនេះ។ គន្លឹះក្នុងការសិក្សារៀនសូត្រគឺត្រូវយល់ពីអត្ថន័យនៃប្រធានបទហើយអាចធ្វើការបំបែក ឬបំលែង សំរាប់យល់ខ្លួនឯង។ អាចចេះគិតពីអ្វីដែលប្អូនបានរៀន និងចេះបំលែងទៅជាការអនុវត្តន៍ នេះក៏ជាការរៀនដែរ។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលប្អូនអាចជ្រើសរើសថាតើមួយណាសមនឹងប្អូនសំរាប់វិធីរៀនដែលល្អបំផុត ៖
  • ពង្រឹងការចងចាំ
ព្យាយាមអានមេរៀនឲ្យលឺៗច្រើនដង ហើយចំលងដោយសរសេរ ឬអាចឲ្យអ្នកណាម្នាក់អាន អោយលឺៗរួចប្អូនធ្វើការសង្ខេបពីអត្ថន័យរបស់វា។
  • ធ្វើកំនត់សំគាល់
ធ្វើការកត់នូវចំនុចសំខាន់ៗពេលនៅរៀន និងប្រើប្រយោគខ្លីៗដើម្បីងាយស្រួលចាំ។ សាកល្បង ធ្វើកំនត់សំគាល់ផ្ទាល់ខ្លួន ប៉ុន្តែនៅរក្សាអត្ថន័យដើម។ ប្អូនក៏គួរតែព្យាយាមបង្កើតជាអក្សរកាត់ ដែលអាចជួយឲ្យប្អូនធ្វើកំនត់ចំណាំបានលឿន។ ប្អូនក៏អាចសរសេរបន្ថែមពីលើកំនត់ចំណាំ របស់ប្អូនដើម្បីឲ្យប្អូនស្រួលយល់ ក្រោយពេលរៀនរួចនេះគឺជាផ្នែកមួយនៃការសិក្សារបស់ប្អូន។
  • ប្រើប៊ិចហាយឡាយ
ប្អូនអាចប្រើប៊ិចហាយឡាយដែលមានពណ៌លេចដើម្បីសំគាល់ពាក្យ ឬប្រយោគសំខាន់ៗ ខណៈពេលដែលប្អូនអានឬសរសេរ។ វានឹងអាចជួយធ្វើឲ្យប្អូនងាយស្រួលចាំ និងងាយរកពាក្យ ទាំងនោះ។
  • ការពិនិត្យមើលឡើងវិញ
នៅពេលដែលប្អូនរៀនចប់ ប្អូនគួរតែធ្វើការមើលឡើងវិញនិងកំនត់នូវចំនុចមួយចំនួនដែលជា ចំនុចសំខាន់ ព្រមទាំងដៅចំនុចណាខ្លះដែលយើងត្រូវធ្វើការសិក្សាបន្ថែម។
  • ការសិក្សាជាក្រុម
ការសិក្សាជាក្រុមក៏ជាកត្តាសំខាន់ក្នុងការជួយបង្កើននូវចំនេះ និងអាចជួយដោះស្រាយបញ្ហា ផ្សេងៗក្នុងការសិក្សាដែលប្អូនបានជួប ដោយការពិភាក្សាជាក្រុមប្អូននឹងចែករំលែកគំនិត យោបល់រវាងគ្នានិងគ្នា។
  • ការរៀបផែនការ
ប្អូនគួរៀបចំកាលវិភាគរៀនសូត្ររបស់ខ្លួនតាមលំដាប់លំដោយ និងម៉ោងពេលតាមមុខវិជ្ជា នីមួយៗ ។​ ពិសេសប្អូនត្រូវតែគោរពពេលវេលាខ្លួឯងដោយកំនត់ម៉ោងពេលសិក្សាតាមកាល វិភាគដែលបានកំនត់ ហើយប្អូនក៏ត្រូវបែងចែកពេលវេលាសំរាប់សំរាកខ្លួនឯងផងដែរ។
  • ការលើកទឹកចិត្ត
ត្រូវទុកពេលវេលាសំរាកសំរាប់ ឬជាការលើកទឹកចិត្តខ្លួនឯង បន្ទាប់ពីខំសិក្សាហើយ ឬបន្ទាប់ពីទទួលបានលទ្ធផលល្អ។ ការថែរក្សាសុខភាពដោយធ្វើឲ្យមានភាពស្មើគ្នារវាងការសិក្សា និងការសំរាកលំហែពិតជាមាន សារៈសំខាន់ណាស់។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលប្អូនអាចជួយប្អូនចងចាំមេរៀនក្នុងការសិក្សា ៖
  • ចូរអង្គុយនៅកន្លែងណាដែលប្អូនអាចមើលនិងស្តាប់គ្រូបានច្បាស់ល្អ។ ប្រសិនបើប្អូនអង្គុយក្រោយនោះប្អូនអាចនឹងត្រូវរំខានដោយមិត្តរួមថ្នាក់ហើយប្អូនមិនអាចផ្តោតអារម្មណ៍រៀនបាន
  • ពេលប្អូនមានបញ្ហា រឺមានអារម្មណ៍ថាតប់ប្រមល់ប្អូនអាចនឹងមានអារម្មណ៍មិនមូលក្នុងការរៀន ដូច្នេះប្អូនត្រូវតាំងចិត្តទុកបញ្ហាមួយឡែក ទើបប្អូនអាចមានគំនិតនិងផ្តោលលើការសិក្សាបាន។
  • ប្អូនត្រូវហ៊ានសួរប្រសិនបើប្អូនមិនយល់​រឺប្អូនចង់បានពត៌មានបន្ថែមពីប្រធានបទដែលគ្រូបង្ហាញ
  • ព្យាយាមស្តាប់គ្រូពន្យល់និងត្រូវចេះកត់ត្រានូវចំនុចសំខាន់ៗ ការស្តាប់ជាផ្នែកមួយដ៏សំខាន់ក្នុង
ការរៀន។ ប្រសិនបើអាច ប្អូនគួរសុំគ្រូថតសំលេងគាត់ពេលគាត់កំពុងពន្យល់ វានឹងងាយស្រួល សំរាប់ប្អូន ស្តាប់និងកត់នូវចំនុចសំខាន់ៗពេលក្រោយ។ ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ  ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។