តើខ្ញុំគួរធ្វើដូចម្តេចទើបអាចក្លាយជាសិស្សពូកែ ហើយធ្វើឲ្យការចងចាំខ្ញុំបានល្អ?

ប្អូនរាល់គ្នាសុទ្ធតែចង់ធ្វើឲ្យការសិក្សារបស់ខ្លួនទទួលបានលទ្ធផលល្អ ហើយវាអាចនឹងពិបាកសំរាប់ការព្យាយាមចងចាំគ្រប់រឿងនៅពេលដែលយើងជាប់រវល់ខ្លាំង។​ ប៉ុន្តែមានកំណាព្យខ្មែរមួយឃ្លា

បានលើកឡើងថា “ចេះមកពីខំរៀន មានមកពីខំរក”។

វាមានសារៈសំខាន់ណាស់ក្នុងការយល់ពីការរៀនសូត្រផ្ទាល់ខ្លួន ព្រោះមនុស្សម្នាក់ៗមានវិធីរៀន

រៀងៗខ្លួន។ អ្នកខ្លះរៀនដោយមើល; ដោយការនិយាយ; ដោយសរសេរ ឬអាន ហើយអ្នកខ្លះវិញឮរៀនដោយរួមបញ្ចូលទាំងអស់ខាងលើនេះ។

គន្លឹះក្នុងការសិក្សារៀនសូត្រគឺត្រូវយល់ពីអត្ថន័យនៃប្រធានបទហើយអាចធ្វើការបំបែក ឬបំលែង

សំរាប់យល់ខ្លួនឯង។ អាចចេះគិតពីអ្វីដែលប្អូនបានរៀន និងចេះបំលែងទៅជាការអនុវត្តន៍ នេះក៏ជាការរៀនដែរ។

ខាងក្រោមនេះជាគន្លឹះខ្លះៗដែលប្អូនអាចជ្រើសរើសថាតើមួយណាសមនឹងប្អូនសំរាប់វិធីរៀនដែលល្អបំផុត ៖

  • ពង្រឹងការចងចាំ៖ ព្យាយាមអានមេរៀនឲ្យលឺៗច្រើនដង ហើយចំលងដោយសរសេរ ឬអាចឲ្យអ្នកណាម្នាក់អានអោយលឺៗរួចប្អូនធ្វើការសង្ខេបពីអត្ថន័យរបស់វា។
  • ធ្វើកំនត់សំគាល់៖ ធ្វើការកត់នូវចំនុចសំខាន់ៗពេលនៅរៀន និងប្រើប្រយោគខ្លីៗដើម្បីងាយស្រួលចាំ។ សាកល្បងធ្វើកំនត់សំគាល់ផ្ទាល់ខ្លួន ប៉ុន្តែនៅរក្សាអត្ថន័យដើម។ ប្អូនក៏គួរតែព្យាយាមបង្កើតជាអក្សរកាត់ ដែលអាចជួយឲ្យប្អូនធ្វើកំនត់ចំណាំបានលឿន។ ប្អូនក៏អាចសរសេរបន្ថែមពីលើកំនត់ចំណាំរបស់ប្អូនដើម្បីឲ្យប្អូនស្រួលយល់ ក្រោយពេលរៀនរួចនេះគឺជាផ្នែកមួយនៃការសិក្សារបស់ប្អូន។
  • ប្រើប៊ិចហាយឡាយ៖ ប្អូនអាចប្រើប៊ិចហាយឡាយដែលមានពណ៌លេចដើម្បីសំគាល់ពាក្យ ឬប្រយោគសំខាន់ៗ ខណៈពេលដែលប្អូនអានឬសរសេរ។ វានឹងអាចជួយធ្វើឲ្យប្អូនងាយស្រួលចាំ និងងាយរកពាក្យទាំងនោះ។
  • ការពិនិត្យមើលឡើងវិញ៖ នៅពេលដែលប្អូនរៀនចប់ ប្អូនគួរតែធ្វើការមើលឡើងវិញនិងកំនត់នូវចំនុចមួយចំនួនដែលជាចំនុចសំខាន់ ព្រមទាំងដៅចំនុចណាខ្លះដែលយើងត្រូវធ្វើការសិក្សាបន្ថែម។
  • ការសិក្សាជាក្រុម៖ ការសិក្សាជាក្រុមក៏ជាកត្តាសំខាន់ក្នុងការជួយបង្កើននូវចំនេះ និងអាចជួយដោះស្រាយបញ្ហាផ្សេងៗក្នុងការសិក្សាដែលប្អូនបានជួប ដោយការពិភាក្សាជាក្រុមប្អូននឹងចែករំលែកគំនិតយោបល់រវាងគ្នានិងគ្នា។
  • ការរៀបផែនការ៖ ប្អូនគួរៀបចំកាលវិភាគរៀនសូត្ររបស់ខ្លួនតាមលំដាប់លំដោយ និងម៉ោងពេលតាមមុខវិជ្ជានីមួយៗ។​ពិសេសប្អូនត្រូវតែគោរពពេលវេលាខ្លួឯងដោយកំនត់ម៉ោងពេលសិក្សាតាមកាលវិភាគដែលបានកំនត់ ហើយប្អូនក៏ត្រូវបែងចែកពេលវេលាសំរាប់សំរាកខ្លួនឯងផងដែរ។
  • ការលើកទឹកចិត្ត៖ ត្រូវទុកពេលវេលាសំរាកសំរាប់ ឬជាការលើកទឹកចិត្តខ្លួនឯង បន្ទាប់ពីខំសិក្សាហើយ ឬបន្ទាប់ពីទទួលបានលទ្ធផលល្អ។ ការថែរក្សាសុខភាពដោយធ្វើឲ្យមានភាពស្មើគ្នារវាងការសិក្សា និងការសំរាកលំហែពិតជាមានសារៈសំខាន់ណាស់។

ខាងក្រោមនេះជាគន្លឹះខ្លះៗដែលប្អូនអាចជួយប្អូនចងចាំមេរៀនក្នុងការសិក្សា ៖

  • ចូរអង្គុយនៅកន្លែងណាដែលប្អូនអាចមើលនិងស្តាប់គ្រូបានច្បាស់ល្អ។ ប្រសិនបើប្អូនអង្គុយក្រោយនោះប្អូនអាចនឹងត្រូវរំខានដោយមិត្តរួមថ្នាក់ហើយប្អូនមិនអាចផ្តោតអារម្មណ៍រៀនបាន
  • ពេលប្អូនមានបញ្ហា រឺមានអារម្មណ៍ថាតប់ប្រមល់ប្អូនអាចនឹងមានអារម្មណ៍មិនមូលក្នុងការរៀន ដូច្នេះប្អូនត្រូវតាំងចិត្តទុកបញ្ហាមួយឡែក ទើបប្អូនអាចមានគំនិតនិងផ្តោលលើការសិក្សាបាន។
  • ប្អូនត្រូវហ៊ានសួរប្រសិនបើប្អូនមិនយល់​រឺប្អូនចង់បានពត៌មានបន្ថែមពីប្រធានបទដែលគ្រូបង្ហាញ
  • ព្យាយាមស្តាប់គ្រូពន្យល់និងត្រូវចេះកត់ត្រានូវចំនុចសំខាន់ៗ ការស្តាប់ជាផ្នែកមួយដ៏សំខាន់ក្នុងការរៀន។ ប្រសិនបើអាច ប្អូនគួរសុំគ្រូថតសំលេងគាត់ពេលគាត់កំពុងពន្យល់ វានឹងងាយស្រួលសំរាប់ប្អូន ស្តាប់និងកត់នូវចំនុចសំខាន់ៗពេលក្រោយ។

ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

Posted in