តើខ្ញុំត្រូវធ្វើដូចម្តេចទើបអាចកាត់បន្ថយស្ត្រេស?

ស្រ្តេសជាផ្នែកមួយនៃជីវិតមនុស្សយើង។ វាគឺជាប្រតិកម្មតបធម្មតាទៅលើអារម្មណ៍ បញ្ញា ឬ សកម្មភាពរាងកាយរបស់យើង។ វាអាចជាប្រតិកម្មវិជ្ជមានប្រសិនបើវាជួយអោយយើងដឹង ជំរុញឲ្យយើងធ្វើអ្វីមួយ និងធ្វើឲ្យយើងចេះត្រៀមខ្លួនចំពោះគ្រោះថ្នាក់ផ្សងៗ។ ទោះយ៉ាងណាក៏ដោយវាក៏បានផ្តល់នូវភាពអវិជ្ជមាននៅពេលដែលប្រតិកម្មតបមានកំរិតខ្លាំង ដែលវាអាចបង្កើនឱកាសនៃការធ្លាក់ទឹកចិត្ត ព្រមទាំងបញ្ហាផ្សេងៗ។

ខាងក្រោមនេះជាគន្លឹះខ្លះៗដែលអាចជួយប្អូនឲ្យគ្រប់គ្រងស្រ្តេសបាន ៖

 • រក្សាអាកប្បកិរិយាជាវិជ្ជមាន
 • ចេះទទួលយកនូវអ្វីដែលកើតមានទោះជាប្អូនមិនអាចគ្រប់គ្រងបានក៏ដោយ
 • និយាយចេញនូវអារម្មណ៍ គំនិត និងការគិតផ្សេងៗជាជាងការទុកក្នុងចិត្តដែលអាចក្លាយជាកំហឹង
 • ចូរហាត់រៀនអនុវត្តនូវវិធីសំរាកបន្ធូរអារម្មណ៍ ដោយការដកដង្ហើមវែងៗ ឬស្តាប់ចំរៀងកំសាន្ត
 • ការហាត់ប្រាណជាប្រចាំ រាងកាយរបស់ប្អូននឹងមានសមត្ថភាពប្រឆាំងជាមួយស្រ្តេសបាន
 • ទទួលទានអាហារដែលប្រកបដោយជីវជាតិគ្រប់គ្រាន់
 • គួររៀនគ្រប់គ្រងពេលវេលា; កត់ទុកនូវកិច្ចការណាដែលសំខាន់ៗក្នុងកាលវិភាគ ហើយធ្វើវាជាប្រចាំក៏អាចជួយកាត់បន្ថយស្ត្រេសបានមួយផ្នែកដែរ
 • ចេះចែករំលែកពេលវេលាលំហែ ឬសំរាក ធ្វើអ្វីដែលប្អូនចូលចិត្ត​និងប្អូនចង់ធ្វើ
 • ត្រូវចេះសំរាកនិងគេងឲ្យបានគ្រប់គ្រាន់។ រាងកាយយើងក៏ត្រូវការស្រូបយកថាមពលវិញពី​ការទប់ទល់នឹងស្រ្តេស
 • កុំរំពឹងថាការទទួលទានជាតិស្រវឹង គ្រឿងញៀន ឬអាហារអាចកាត់បន្ថយស្រ្តេសបាន ហើយក៏គួរតែកុំទទួលទានកាហ្វេច្រើនពេក
 • អាចស្វែងរកបណ្តាញសង្គមដែលគាំទ្រផ្លូវចិត្តដល់ប្អូន ប្អូនក៏គួរចំណាយពេលវេលាជាមួយ​មិត្តភក្តិ ក្រុមគ្រួសារ ឬប្អូនណាដែលយល់ចិត្តប្អូន

 

ប្អូនអាចទូរសព្ទ័មកបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា លេខ១២៨០ គ្រប់ពេលដោយឥតគិតថ្លៃ ប្រសិនបើប្អូនត្រូវការសេវាគាំទ្រផ្លូវចិត្ត និងពត៌មានបន្ថែមពីប្រធានបទនេះ។

Posted in